Hattha top Banner

ក្រុមសហជីពស្នើសភាពអឺរ៉ុបបន្តបញ្ជាទិញសម្លៀកបំពាក់ ស្បែកជើង និងកាបូបពីកម្ពុជា

0

ដោយ : វុត្ថា
ក្រុមសហជីពកម្មករចំនួន ៣ មានសហព័ន្ធសហជីពមិត្តភាពកម្មករ សហព័ន្ធសហជីពជាតិ និងសហព័ន្ធសហជីពដើម្បីកម្មករ នៅថ្ងៃទី ១៣​ ខែធ្នូ ឆ្នាំ២០១៧នេះ បានសរសេរលិខិតរួមគ្នាមួយផ្ញើរទៅកាន់ ឯកអគ្គរដ្ឋទូតសភាពអឺរ៉ុប លោក ចច អេដហ្គើ ប្រចំានៅកម្ពុជា​ ស្នើរសុំបន្តបញ្ជាទិញសម្លៀកបំពាក់ ស្បែកជើង និងកាបូបពីកម្ពុជា។
ការស្នើសុំនេះ ក្រោយពីក្រុមសហជីពកម្មករបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានការនយោបាយនៅកម្ពុជា ដែលមានសភាពហាក់ដូចជាតានតឹង និង​កើនដំដៅគួរអោយកត់សំគាល់រវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ ព្រមមទាំងមានការភ័យខ្លាចសហភាពអឺរ៉ុបមិនបញ្ជាទិញសម្លៀកបំពាក់ ស្បែកជើង និងកាបូបពីកម្ពុជាដោយសារបញ្ហានេះ ។


នៅក្នុងលិខិតរបស់ក្រុមហសជីព បានសរសេរថា “ យើងខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហានេះ ដែលវាអាចជះឥទ្ធិពលអាក្រក់មកលើប្រទេសកម្ពុជា ជាពិសេសលើវិស័យវាយនភណ្ឌកាត់ដេរសំលៀកបំពាក់ ស្បែកជើង និងកាបូប រួមទាំងផលិតផលមួយចំនួនទៀតដែលនាំចូលសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ប្រសិនបើគេទាញជាចំណាត់ខ្មាំងនៃបញ្ហានយោបាយរបស់កម្ពុជា ដែលនាំអោយកម្មករនិយោជិត និប្រជាជនរាប់ម៉ឺននាក់បាត់បង់ការងារ និងប្រាក់ចំណូលសម្រាប់ជីវភាពគ្រួសារ” ។
នៅក្នុងលិខិតរបស់ក្រុមហសជីពដដែល បានស្នើរសុំពីរចំណុច ពី ឯកអគ្គរដ្ឋទូតសភាពអឺរ៉ុប លោក ចច អេដហ្គើ ១ ស្នើរសុំបន្តការអនុគ្រោះលើការនាំចូលសំលៀកបំពាក់ ស្បែកជើង និងកាបូប រួមទាំងផលិតផលមួយចំនួនទៀត ដែលនាំចូលទីផ្សារសហភាពអឺរ៉ុប ២ ស្នើបន្ថែមការបញ្ជាទិញអោយកាន់តែច្រើនមកកម្ពុជា ដើម្បីបន្តផ្តល់ឪកាសការងារដល់កម្មករនិយោជិត ដែលនឹងកំពុងតែទន្ទឹមរងចាំប្រាក់ឈ្នួលអប្បបរមាថ្មី ១៧០ ដុល្លារ នឹងជិតមកដល់នាឆ្នាំ ២០១៨ ខាងមុខនេះ រួមទាំងអត្ថប្រយោជន៍ផ្សេងៗដែលរាជរដ្ឋាភិបាលកម្ពុជាបានដំឡើង និងផ្តល់តាមការស្នើរបសសហជីព។
កាលពីអំឡុងខែវិច្ឆិការ ឆ្នាំ ២០១៧ កន្លងទៅនេះ ក្រុមសមាគម និងសហជីពកម្មករកនេះ ក៏បានចេញសេចក្តីថ្លែងការណ៍រួមម្តងរួចហើយដោយបានអំពាវនាដល់អង្គការជាតិ អន្តជាតិ ស្ថានទូតនានា សហគមអឺរ៉ុប សហរដ្ឋអាមេរិក និងអ្នកបញ្ជាទិញនានា និងបណ្តាប្រទេសជាដៃគូ ទាំងអស់បន្តការអនុគ្រោះពន្ធ និងបន្ថែមការបញ្ជាទិញការបញ្ជាទិញអោយកាន់តែច្រើនពីកម្ពុជា។ ក្នុងនោះបានបញ្ជាក់ថា បញ្ហាពាក់ព័ន្ធនឹងរឿងនយោបាយកម្ពុជាបច្ចុប្បន្ន គឺជារឿងដោយឡែកពីបញ្ហាសេដ្ឋកិច្ច ជាពិសេសវាយនភណ្ឌកាត់ដេរ សំលៀកបំពាក់ ស្បែកជើង និងកាបូប។
សហភាពអឺរ៉ុបនាពេលថ្មីៗនេះ បានព្យួរការផ្តល់ជំនួយដល់គណៈកម្មាធិជាតិរៀបចំការបោះឆ្នោត បន្ទាប់ពីតុលាការកំពូលនៃប្រទេសកម្ពុជាបានចេញសាលដីការស្ថាពររំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់សមាជិកប្រមាណជាង ១១៨ រូប មិនអោយធ្វើសកម្មភាពនយោបាយ ព្រមទាំងបានចាប់ប្រធានគណបក្សប្រឆាំងដ៏ធំមួយនេះ ដាក់ពន្ធធនាគារត្រពាំងផ្លុងក្នុងខេត្តកំពង់ចាមកាលពីកន្លងទៅនេះ ដោយបានចាត់ទុកថា សកម្មភាព នេះ​ គឺជាការបិតសិទ្ធិសេរីភាព​នយោបាយ គ្មានលទ្ធិប្រជាធិបតេយ្យក្នុងប្រទេស និងបំបិតមាត់គណបក្សប្រឆាំង តែយ៉ាងណាក៏ដោយរដ្ឋាភិបាលនៃប្រទេសកម្ពុជាបានចាត់ទុកវិញថាគឺជាការអនុវត្តច្បាប់របស់ប្រទេសកម្ពុជា ស្របតាមលទ្ធិប្រជាធិប្បតេយ្យ។
ឯកអគ្គរដ្ឋទូតសភាពអឺរ៉ុប លោក ចច អេដហ្គើ ប្រចំានៅកម្ពុជា​ នាពេលកន្លងទៅនេះ បានបញ្ជាក់ថា សហភាពអឺរ៉ុប អាចនឹងសើរើកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលកម្ពុជាលើការបញ្ជាទិញ សម្លៀកបំពាក់ ស្បែកជើង និងកាបូបពីកម្ពុជា បើសិនជារដ្ឋាភិបាលកម្ពុជាមិនបានធ្វើអោយស្ថានការនយោបាយក្នុងប្រទេសកម្ពុជាមានសភាពដូចដើម តែមកដល់ពេលនេះ ពុំទាន់មានសេចក្តីសម្រេចណាមួយចេញពីសភាពអឹរ៉ុបនៅឡើយទេ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here