តម្លៃផ្ទះជាមធ្យមទូទាំងទីក្រុងញូវយ៉កហក់ឡើងថ្លៃកប់ពពក ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការសិក្សាថ្មីមួយរបស់ស្ថាប័នស្រាវជ្រាវ និងចងក្រងទិន្នន័យអចលនទ្រព្យ PropertyShark បានឱ្យដឹងថា តម្លៃផ្ទះនៅក្នុងសង្កាត់ចំនួន២៤ ទូទាំងទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិកបានហក់ឡើងកប់ពពក ក្នុងរយៈពេល១ទសវត្សរ៍កន្លងមកនេះ។

តម្លៃផ្ទះជាមធ្យមនៅក្នុងតំបន់ Two Bridges នៃសង្កាត់ Manhattan បានហក់ឡើង២៨៨ភាគរយដល់ចំនួន១,៦៤លានដុល្លារអាមេរិកក្នុងមួយយូនីត ដោយសារការអភិវឌ្ឍន៍អគារលំនៅដ្ឋានប្រណីតដូចជា អគារ One Manhattan Square។

តម្លៃផ្ទះជាមធ្យមនៅក្នុងតំបន់ Breezy Point នៃសង្កាត់ Queens បានហក់ឡើង១៩២ភាគរយដល់ទំហំទឹកប្រាក់៧២៥.០០០ដុល្លារអាមេរិកក្នុងមួយយូនីត ខណៈតម្លៃផ្ទះជាមធ្យមនៅក្នុងតំបន់ Hamilton Beach បានហក់ឡើង១៧២ភាគរយដល់ចំនួន៤២៦.០០០ដុល្លារក្នុងមួយយូនីត។

ចំណែក តម្លៃផ្ទះជាមធ្យមនៅតំបន់ Red Hook ក្នុងសង្កាត់ Brooklyn បានហក់ឡើង១៥០ភាគរយដល់ចំនួន១,៩៧លានដុល្លារអាមេរិកក្នុងមួយយូនីត។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយកាសែតអាមេរិក The New York Times។

ជាមួយគ្នានោះ ពន្ធលើអចលនទ្រព្យនៅតំបន់ Gowanus ក្នុងសង្កាត់ Brooklyn បានហក់ឡើង៧៥១ភាគរយពីចំនួន៨០០ដុល្លារនៅឆ្នាំ២០១៤ ដល់ចំនួន៦.៥០០ដុល្លារនាពេលបច្ចុប្បន្ន។ ការណ៍នេះបានធ្វើឱ្យថ្លៃចំណាយលើការរស់នៅហក់ឡើងកាន់តែខ្ពស់។

នៅត្រីមាសទី២ ឆ្នាំ២០២៥ ការលក់ផ្ទះនៅក្នុងសង្កាត់ Manhattan បានកើនឡើងក្នុងអត្រាខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជិត២ឆ្នាំ ដោយសារការសម្រុកទិញផ្ទះពីសំណាក់ក្រុមអ្នកមានទ្រព្យសម្បត្តិ និងសាច់ប្រាក់ច្រើនសន្ធឹកសន្ធាប់។

យោងតាមភ្នាក់ងារវាយតម្លៃអចលនទ្រព្យ Miller Samuel និងក្រុមហ៊ុនឈ្មួញជើងសារ Douglas Elliman បានឱ្យដឹងថា ផ្ទះចំនួនជាង៣.០០០យូនីតត្រូវបានលក់ចេញក្នុងកំឡុងត្រីមាសទី២ ហក់ឡើង១៧ភាគរយធៀបនឹងឆ្នាំមុន។ ផ្ទះទាំងនោះមានតម្លៃមធ្យមចំនួន១,២លានដុល្លារក្នុងមួយយូនីត កើនឡើង១,៦ភាគរយ៕ប្រភព: Bloomberg & NY Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here