ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃលំនៅដ្ឋាននៅចំកណ្តាលទីក្រុងឡុងដ៍របស់ប្រទេសអង់គ្លេសបានធ្លាក់ចុះ៣,៧ភាគរយនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បន្ទាប់ពីបានថយចុះក្នុងអត្រាប្រចាំត្រីមាសចំនួន១,៥ភាគរយ ក្នុងរយៈពេល៣ខែដំបូងដើមឆ្នាំនេះ។
លោក Alex Christian នាយក និងជាសហប្រធានរបស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills UK បានអះអាងថា យើងមិនទាន់សង្កេតឃើញមានការផ្គត់ផ្គង់លំនៅដ្ឋានថ្មីចូលមកកាន់តំបន់កណ្តាលទីក្រុងឡុងដ៍នៅឡើយទេ ខណៈលំនៅដ្ឋានភាគច្រើនលក់មិនដាច់ក្នុងរយៈពេលយូរជាងធម្មតា។
ទោះជាយ៉ាងណា លំនៅដ្ឋាននៅតំបន់ភាគនិរតីនៃទីក្រុងឡុងដ៍នៅតែបន្តមានភាពធន់។ តួយ៉ាង តម្លៃផ្ទះនៅសង្កាត់ចំនួន៣ ដូចជាសង្កាត់ Clapham សង្កាត់ Putney និងសង្កាត់ Wimbledon បន្តរក្សាបានស្ថិរភាព ដោយសារអំណាចនៃការទិញមានសភាពរឹងមាំ។








