ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមទិន្នន័យថ្មីចុងក្រោយបានបង្ហាញថា លំហូរវិនិយោគផ្ទាល់ពីបរទេស(FDI) ចូលវិស័យអចលនទ្រព្យរបស់ប្រទេសវៀតណាមបានកើនឡើងចំនួន២,៤ដងដល់ទំហំទឹកប្រាក់៤,៨ពាន់លានដុល្លារអាមេរិកនៅក្នុងឆមាសទីមួយឆ្នាំនេះ។
តួលេខខាងលើនេះរួមមានដើមទុនវិនិយោគ ដែលត្រូវបានចុះបញ្ជីថ្មីចំនួន២៤ភាគរយ នៃលំហូរ FDI សរុប។នេះបើយោងតាមរបាយការណ៍ពីក្រសួងផែនការ និងវិនិយោគវៀតណាម ដែលបានដកស្រង់ចុះផ្សាយដោយកាសែត Vnexpress។
ក្រុមអ្នកវិភាគបានលើកឡើងថា ទោះជាមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយសកលយ៉ាងណាក្តី ក៏ប្រទេសវៀតណាមនៅតែជាគោលដៅលេចធ្លោក្នុងតំបន់ ដោយសារកត្តាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គោលនយោបាយបើកចំហជាបន្តបន្ទាប់ និងសក្តានុពលកំណើនសេដ្ឋកិច្ចរយៈពេលវែង។
-->
លោកស្រី Nguyen Hoai An នាយិកាជាន់ខ្ពស់នៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE Hanoi បានសង្កត់ធ្ងន់ថា ការកែទម្រង់ច្បាប់សំខាន់ៗចំនួន៣ រួមមានច្បាប់ដីធ្លី ច្បាប់អាជីវកម្មអចលនវត្ថុ និងច្បាប់លំនៅដ្ឋាន ដែលបានចូលជាធរមានចាប់តាំងពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ បានចូលរួមចំណែកបង្កើតក្របខ័ណ្ឌច្បាប់ប្រកបដោយតម្លាភាព និងសុវត្ថិភាពសម្រាប់បណ្តាអ្នកវិនិយោគ។

ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក៏ជាកត្តាជំរុញដ៏សំខាន់នៃលំហូរវិនិយោគផ្ទាល់ពីបរទេសចូលទៅក្នុងវិស័យអចលនទ្រព្យវៀតណាមផងដែរ។
គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ រួមមានផ្លូវដែកល្បឿនលឿនតភ្ជាប់រវាងរដ្ឋធានីហាណូយ និងទីក្រុងហូជីមិញអាកាសយានដ្ឋានអន្តរជាតិ Long Thanh និងការសាងសង់ផ្លូវក្រវ៉ាត់ក្រុងនៅក្នុងទីក្រុងហាណូយ និងទីក្រុងហូជីមិញ បាននិងកំពុងជួយជំរុញកំណើននៃការវិនិយោគអចលនទ្រព្យ។
លោកស្រី Nguyen បានបន្ថែមថា បណ្តាអ្នកវិនិយោគបរទេសកំពុងពង្រីកវត្តមានកាន់តែច្រើនឡើងទៅក្នុងតំបន់ទីក្រុងរណប ដោយសារតំបន់ទាំងនោះមានដីធ្លីធំទូលាយ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនយ៉ាងរឹងមាំ៕ប្រភព: Vnexpress៕
