ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជាប្រារពខួបលើកទី៣០ឆ្នាំជាមួយនឹងសមិទ្ឋផលជាច្រើនលើវិស័យអាកាសចរណ៍

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពីធី “អបអរសាទរគម្រប់ខួប៣០ឆ្នាំ នៃក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា”។

លោកវង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី “អបអរសាទរគម្រប់ខួប៣០ឆ្នាំ នៃក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា-SCA” ដោយមានការអញ្ជើញចូលរួមពីសំណាក់​​ លោក Nicolas Notebaert អគ្គនាយកក្រុមហ៊ុនអាកាសយានដ្ឋានVINCI និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនSCA, មន្រ្តីមកពីស្ថាប័នពាក់ព័ន្ធ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោកឯកអគ្គរាជទូត​​ម៉ាឡេស៊ីប្រចាំកម្ពុជា តំណាងក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងភ្ញៀវជាតិនិងអន្តរជាតិជាច្រើនរូប។

លោកវង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ បានសម្តែងនូវក្ដីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុនអាកាសយានដ្ឋាន VINCI របស់​បារាំង និងក្រុមហ៊ុន Muhibbah របស់ម៉ាឡេស៊ី ចំពោះការវិនិយោគ ​ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ​ និងបានវិនិយោគអស់ទឹកប្រាក់រាប់លានដុល្លារ ធ្វើឱ្យសន្ទុះនៃកំណើនអ្នកដំណើរតាមផ្លូវអាកាសកើនឡើងយ៉ាងខ្លាំង។

លោកឧបនាយករដ្ឋមន្រ្តីបានគូសរំលេចថា សមិទ្ធផលទាំងនេះអាចសម្រេចបាន ផ្តើមចេញពី​គំនិតផ្តួចផ្តើម ប្រកបដោយ​ចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា តាមរយៈការដាក់ចេញនូវគោលនយោបាយ “បើកចំហជើងមេឃ” កាលពីឆ្នាំ១៩៩៩ និងផែនការមេគ្រប់ជ្រុងជ្រោយស្តីពី “ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣” និងបន្តដោយរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដោយបានដាក់ចេញ នូវយុទ្ធសាស្រ្តបញ្ចកោណ​ដំណាក់កាលទី១ ដែ​លបន្តផ្តល់អាទិភាពខ្ពស់ លើវិស័យ​អាកាសចរណ៍ស៊ីវិលនិង គោលនយោបាយជាតិស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសឆ្នាំ២០២៥-២០៣៥  និងបានបញ្ចប់ការរៀបចំ “សេចក្តីព្រាងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា” នាពេលថ្មីៗនេះ។

លោកវង្សី វិស្សុតបានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាកាន់​តែផ្ដល់អាទិភាពខ្ពស់​ចំពោះ​វិស័យឯកជន ដែល​​ជាដៃគូមិនអាចខ្វះបាន ដើម្បីដើរតួជា​កម្លាំងចលករដ៏សំខាន់ ក្នុងការចូលរួម​​​ដោះស្រាយបញ្ហា​ជារចនា​សម្ព័ន្ធ ដែលរាំងស្ទះដល់ការទាក់ទាញការវិនិយោគ និងការអភិវឌ្ឍវិស័យឯកជន ហើយស្ថាប័ន​រដ្ឋនឹងដើរតួនាទីស្នូល ក្នុងការធានាបរិយាកាស អំណោយ​ផលសម្រាប់ធុរកិច្ច និងទីផ្សារ សំដៅ​​ជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសលើកកម្ពស់​ជីវភាព​រស់​នៅរបស់​ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ប្រកប​ដោយ​បរិយាបន្ន និង​ចីរភាព។

លោកបានបន្តថា ទន្ទឹមនឹងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព​រយៈពេល៣០ឆ្នាំកន្លងមកនេះ ក្រុមហ៊ុននឹងបន្តឈរជើងនិង​វិនិយោគ​បន្ថែមទៀតនៅកម្ពុជា តាមរយៈការចូលរួម​គ្រប់គ្រង និង​ប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់4F ដែល​គ្រោង​នឹង​ដាក់​ឱ្យដំណើរការនាពេលឆាប់ៗនេះ ដែលនឹងក្លាយជាGame Changer មួយ​ នៅក្នុងវិស័យអាកាសចរណ៍ស៊ីវិល និង​ការដឹកជញ្ជូនតាមផ្លូវអាកាសរបស់​កម្ពុជា ដែលនឹង​រួមចំណែកបង្កើនសក្ដានុពល ជើងហោះហើរឆ្លងទ្វីបរបស់​កម្ពុជាថែមមួយកម្រិតទៀត និងទាក់ទាញការវិ​និ​យោ​គបរទេសបន្ថែម ប្រកបដោយសុវត្ថិភាព គុណភាព និងជំនឿទុកចិត្ត។

លោកវង្សី វិស្សុត បានលើកទឹកចិត្តឱ្យក្រុមហ៊ុនអាកាសយានដ្ឋាន VINCI និងក្រុមហ៊ុនMuhibbah ​ប្រកាន់​ខ្ជាប់​នូវស្មារតីនៃការពិភាក្សាបើកចំហ និង​ការទទួលខុសត្រូវ ដែលកិច្ច​សហប្រតិបត្តិការនេះបាន​បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុ​ងការ​បង្កើត​សមិទ្ធផលជាច្រើនអនេក និងបន្ត​ទទួល​បានជោគជ័យ នារយៈពេល៣០ឆ្នាំតទៅមុខទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here