ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍សិក្សាថ្មីមួយ ដែលចេញផ្សាយនៅខែកក្កដាដោយក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Leechiu Property Consultants បានបង្ហាញថា ទីផ្សារអចលនទ្រព្យហ្វីលីពីនត្រូវការចំណាយពេលប្រមាណ៣ឆ្នាំទៀតដើម្បីស្តារវិបត្តិផ្គត់ផ្គង់ខុនដូលើសតម្រូវការ ខណៈដែលតម្រូវការនាពេលបច្ចុប្បន្ននៅតែមានកម្រិតទាប។
ចំនួនខុនដូសរុប ដែលអាចស្វែងរកទិញបាន (Inventory)ក្នុងរដ្ឋធានីម៉ានីលត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន៧៦៤.១០០យូនីត ដោយក្នុងនោះ រួមមានទាំង ខុនដូ ដែលបញ្ចប់ការសាងសង់រួចរាល់ និងអាចផ្លាស់ចូលទៅរស់នៅបាន (Ready-for-Occupancy) និងខុនដូដែលដាក់លក់ មុនពេលសាងសង់រួច (Pre-sale)។
លោក Roy Golez នាយកទទួលបន្ទុកលើការស្រាវជ្រាវអចលនទ្រព្យនៅក្រុមហ៊ុន Leechiu Property Consultants បានមានប្រសាសន៍ឱ្យដឹងថា តម្រូវការខុនដូសរុបជារួមនៅទូទាំងតំបន់រដ្ឋធានីម៉ានីលបានកើនឡើង២ភាគរយដល់ចំនួន៦.៦៤៣យូនីតនៅក្នុងត្រីមាសទីពីរ ឆ្នាំ២០២៥ បើធៀបនឹងត្រីមាសទីមួយ។
ទោះជាយ៉ាងណា តម្រូវការខុនដូលំដាប់មធ្យម ដែលមានតម្លៃចាប់ពី២,៣លានប៉េសូទៅ៤លានប៉េសូក្នុងមួយយូនីតបានដាំក្បាលចុះ៤១ភាគរយ ខណៈតម្រូវការខុនដូលំដាប់មធ្យមកម្រិតខ្ពស់ ដែលមានតម្លៃចាប់ពី៤លានប៉េសូទៅ៧លានប៉េសូក្នុងមួយយូនីតបានដាំក្បាលចុះ៣១ភាគរយ។
ការបើកដំណើរការលក់ខុនដូថ្មីបានហក់ឡើង៣១ភាគរយបើធៀបនឹងត្រីមាសទី១ ដល់ចំនួន១.៧៦១យូនីតក្នុងត្រីមាសទី២ ខណៈបណ្តាអ្នកអភិវឌ្ឍន៍បានព្យាយាមដាក់លក់គម្រោងថ្មីរបស់ពួកគេ ដោយផ្តល់នូវការបញ្ចុះតម្លៃ និងលក្ខខណ្ឌបង់ប្រាក់រយៈពេលវែង៕ប្រភព: Inquirer.Net៕