ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Vnexpress បានរាយការណ៍ថា តម្រូវការអាផាតមុិននៅទីក្រុងហូជីមិញ និងតំបន់ភាគខាងត្បូងផ្សេងទៀតរបស់ប្រទេសវៀតណាមបានបង្ហាញពីសញ្ញានៃការស្ទុះងើបឡើងវិញយ៉ាងលឿននៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥។
យោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ DKRA Group បានឱ្យដឹងថា ចំនួនអាផាតមុិនជាង១១.០០០យូនីតត្រូវបានលក់ចេញនៅត្រីមាសទី២។ តួលេខនេះបានបង្ហាញពីការកើនឡើងចំនួន៣,៣ដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការផ្គត់ផ្គង់អាផាតមុិនថ្មីនៅទីក្រុងហូជីមិញ និងតំបន់ភាគខាងត្បូងផ្សេងទៀតបានកើនឡើង៣ដងដល់ចំនួន១០.០០០យូនីត។ ការណ៍នេះបាននាំឱ្យការផ្គត់ផ្គង់អាផាតមុិនសរុបកើនឡើងដល់ចំនួន២០.៥៨០យូនីត។
នៅត្រីមាសទី២ តម្លៃអាផាតមុិននៅលើទីផ្សារបឋម (Primary Market) បានកើនឡើងក្នុងអត្រាចន្លោះពី៣ភាគរយទៅ៨ភាគរយ បើធៀបនឹងត្រីមាសទី១។ ទីផ្សារបឋម មានន័យថា អ្នកអភិវឌ្ឍន៍លក់អាផាតមុិនដោយផ្ទាល់ទៅឱ្យអ្នកទិញ។
ក្រុមអ្នកវិភាគបានវាយតម្លៃថា ការកើនឡើងនេះបណ្តាលមកពីទំនុកចិត្តលើទីផ្សារមានភាពវិជ្ជមាន ខណៈបណ្តាអ្នកវិនិយោគបានសាទរចំពោះការច្របាច់បញ្ចូលគ្នានូវតំបន់មូលដ្ឋានមួយចំនួន និងការបង្រួមខេត្ត-ក្រុងពីចំនួន៦៣ខេត្ត-ក្រុង មកនៅត្រឹម៣៤ខេត្ត-ក្រុង។
លោកស្រី Trinh Thi Kiem Lien ប្រធានផ្នែកលក់នៅក្រុមហ៊ុនឈ្មួញជើងសាអចលនទ្រព្យ Datxanh Services បានអះអាងថា ការច្របាច់បញ្ចូលគ្នានេះបានបង្កើនទំហំទីក្រុង និងរៀបចំឡើងវិញនូវព្រំប្រទល់រដ្ឋបាល ដែលនាំឱ្យការរៀបចំផែនការអភិវឌ្ឍន៍កាន់តែមានលក្ខណៈជាប្រព័ន្ធបន្ថែមទៀត៕ប្រភព: Vnexpress៕