ដោយៈ ម៉ាណា
ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Huawei Technologies (Cambodia) Co., Ltd. ទាក់ទងការចាប់យកឌីជីថលូបនីយកម្ម ក្នុងការធ្វើបរមភាវូបនីយកម្ម ដំណើរប្រតិបត្តិការនៅក្នុងស្ថាប័នរដ្ឋ និងផ្នែកឯកជន សំដៅជំរុញនវានុវត្តន៍ឌីជីថលនៅកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើន។
ក្នុងកិច្ចពិភាក្សានោះ ភាគីចិនដឹកនាំដោយ លោក TAO Guangyao ប្រធានក្រុមហ៊ុន HUAWEI ប្រចាំពហុប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជានាយកប្រតិបត្តិក្រុមហ៊ុនHuawei Technologies (Cambodia) Co., Ltd.។
ក្នុងជំនួបនោះលោក TAO ក្នុងនាមក្រុមហ៊ុន Huawei បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់ក.អ.ក. ចំពោះការគាំទ្រកន្លងមក ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញបរិយាកាសអំណោយផល សម្រាប់ការរីកលូតលាស់របស់ក្រុមហ៊ុន Huawei នៅក្នុងព្រះរាជាណាចក្រកម្ពុជាផ្ទាល់។
បន្ថែមពីនេះ លោកនាយកប្រតិបត្តិ បានជម្រាបជូនអំពីរបាយការណ៍សង្ខេបជុំវិញវឌ្ឍនភាពរបស់ Huawei Group និង Huawei Technologies (Cambodia) Co., Ltd. ដោយផ្តោតលើលទ្ធផលការងារឆ្នាំ ២០២៤ និងបច្ចុប្បន្នភាព នៃស្ថានភាពអាជីវកម្មរបស់ក្រុមហ៊ុនខ្លួន។
នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីគំនិតផ្តូចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការបង្កើតឱ្យមាននូវសួនឧស្សាហម្ម បច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើម ក្នុងការជំរុញបរិយាកាសវិនិយោគនៅកម្ពុជា ពាក់ព័ន្ធនឹងឧស្សាហកម្មឌីជីថល និងបច្ចេកវិទ្យាទំនើបជាន់ខ្ពស់ ឱ្យកាន់តែមានភាពរស់រវើក។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី និងលោកនាយកប្រតិបត្តិក្រុមហ៊ុន Huawei Technologies (Cambodia) Co., Ltd. ក៏បានធ្វើការពិភាក្សាជុំវិញ ការចាប់យកឌីជីថលូបនីយកម្ម ក្នុងការធ្វើបរមភាវូបនីយកម្ម ដំណើរប្រតិបត្តិការនៅក្នុងស្ថាប័នរដ្ឋ និងផ្នែកឯកជន សំដៅជំរុញនវានុវត្តន៍ឌីជីថលនៅកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើន ប្រកបប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាពខ្ពស់ ដើម្បីជាការចូលរួមបង្កើនល្បឿនការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ស្របទៅតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧។
យុទ្ឋសាស្រ្តចតុកោណដំណាក់កាលទី១ បានផ្ដោតលើអាទិភាពគន្លឹះចំណុចទី១ និងទី៥ គឺមនុស្ស និងបច្ចេកវិទ្យា ក៏ដូចជា ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ ផងដែរ៕