កម្ពុជាកំពុងសាងសង់អាគាររាងដូច“គ្រាប់មីនតោន”ធំជាងគេ នៅលើពិភពលោក

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈ​មណ្ឌលកម្ចាត់មីនកម្ពុជា (CMAC)លោកហេង រតនានៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា អាគាររាងគ្រាប់មីន PMN-2 ធំជាងគេក្នុងពិភពលោក​ នៃសារមន្ទីរតេជោសន្តិភាព នឹងត្រូវ​សម្ពោធជាផ្លូវការនៅដើមឆ្នាំ២០២៦។

លោកបញ្ជាក់ថា អាគាររាងគ្រាប់មីន PMN-2 ធំជាងគេក្នុងពិភពលោក​នេះ ក៏អាចក្លាយជានិមិត្តរូបនៃការសម្រេចជោគជ័យ ក្នុងការអនុវត្តអនុសញ្ញាមីនអន្ដរជាតិអូតាវ៉ាផងដែរ។

តាមរយៈ Facebook ផ្លូវការរបស់ខ្លួនលោក ហេង រតនា បានលើកឡើងថា “កម្ពុជាមិនមែនកំពុងតែដាក់គ្រាប់មីនPMN-2 ថ្មី​នៅលើទឹកដីនៃខេត្ត “សៀមរាបនោះទេ​ ប៉ុន្តែកម្ពុជាកំពុងតែសាងសង់អាគាររាងគ្រាប់មីន PMN-2 ធំជាងគេក្នុងពិភពលោក​ ហើយអគារនេះក៏អាចក្លាយជានិមិត្តរូប នៃការសម្រេចជោគជ័យ ក្នុងការអនុវត្តអនុសញ្ញាមីនអន្ដរជាតិអូតាវ៉ាផងដែរ!។​

អាគាររាងគ្រាប់មីននេះ ​អាចដាក់សម្ពោធជាផ្លូវការ នៅដើមឆ្នាំ២០២៦ខាងមុខនេះ

នៅថ្ងៃចន្ទ​ ទី២១​ ខែកក្កដា​ ឆ្នាំ២០២៥នេះ លោក ហេង រតនា និងក្រុមការងារ បានចុះពិនិត្យវឌ្ឍនភាព ការសាងសង់អាគារាងគ្រាប់មីន PMN-2 ធំជាងគេបំផុតលើពិភពលោកនេះ ដែលអាគាររាងគ្រាប់មីននេះ​ ប្លង់ខាងក្រោម​រាងការ៉េមានទំហំ១០៨ម៉ែត្រគុណ ១០៨ម៉ែត្រ និងខាងលើ រាងមូលមានអង្កត់ផ្ចិត៥២ម៉ែត្រ មាន២ជាន់កម្ពស់១៧ម៉ែត្រ។

លោកហេង រតនាបានបន្ថែមថា អគាររាងគ្រាប់មីននេះ ស្ថិតនៅក្នុងបរិវេទសារមន្ទីរតេជោសន្តិភាព​ និងអាចក្លាយជាមរតកជាតិមួយ ក្នុងការដាក់បង្ហាញជូនសាធារណជនជាតិ និងអន្ដរជាតិឲ្យយល់កាន់តែច្បាស់ថែមទៀត នូវការខិតខំពុះពារប្ដូរផ្ដាច់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជា និងបានកសាងសន្ដិភាព យ៉ាងពេញលេញពិតប្រាកដមួយ សម្រាប់ប្រជាជន និងប្រទេសជាតិ។

អាគារនេះកសាងដោយក្រុមហ៊ុនជប៉ុន SATO KOGYO និងផ្តល់ហិរញ្ញប្បទាន ឥតសំណងពីរដ្ឋាភិបាលជប៉ុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here