រដ្ឋាភិបាលមានផែនការបញ្ចប់នូវភាពចម្រូងចម្រាស់ ក្នុងសង្គមជាតិ ទាក់ទិននឹងវិស័យដីធ្លី

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងថា រាជរដ្ឋាភិបាលនិតិកាលទី៧នេះ នឹងបញ្ចប់ភាពចម្រូងចម្រាស់ក្នុងសង្គមជាតិទាក់ទងនឹងវិស័យដីធ្លីនៅកម្ពុជា។

ព័ត៌មាននេះ ត្រូវបានលើកឡើងដោយលោកសាយ សំអាល់កាលពីថ្ងៃទី២១ កក្កដា ក្នុងពេលលោកអញ្ជើញចែកវិញ្ញាបនបត្រសម្គា​ល់ម្ចាស់អចនវត្ថុជូនប្រជាពលរដ្ឋចំនួន២ឃុំ ក្នុងស្រុកបរកែវ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមន្ទីររៀបចំដែនដីនគរូបនីយកម្មខេត្តរតនគិរី។

អភិបាលនៃគណៈអភិបាលខេត្តរតនៈគិរី លោកញ៉ែម សំអឿន បានលើកឡើងថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូននាឱកាសនេះ មានចំនួន៧ភូមិ គឺឃុំឡាម៉ិញ០១ភូមិ និងឃុំស៊ើង ០៦ភូមិ ស្មើនឹង១៦៥៧វិញ្ញាបនបត្រ។

លោកបន្តថា ខេត្តរតនគិរី ដែលមានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ជាសេនាធិការបានចេញវិញ្ញា​បនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន៣៦,៩៤៥វិញ្ញាបនបត្រ បូកទាំង ភូមិនៅស្រុកអូរជុំចំនួន០៣ភូមិ ដែលគ្រោងចែកនៅសប្តាហ៍ក្រោយ។បន្ទាប់ពីបញ្ចប់ការចុះបញ្ជីដីធ្លី នៅស្រុកបរកែវ និងស្រុកអូរយ៉ាដាវ ក្រុមការងារបានកំពុងបន្តអនុវត្តន៍ ការងារចុះបញ្ជីដីធ្លីនៅស្រុកវើនសៃ ហើយក៏នឹងត្រូវបញ្ចប់ការចុះបញ្ជី នៅស្រុកអូរជុំនៅពាក់កណ្តាលខែសីហាខាងមុខ ដោយត្រូវបន្តទៅចុះ បញ្ជីនៅស្រុកវើនសៃបន្ថែមទៀត។

ថ្លែងក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា នៅក្នុងនីតិកាលទី៧ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់គោលការណ៍ណែនាំ ធ្វើយ៉ាងណាឱ្យបញ្ចប់នូវភាពចម្រូងចម្រាស់ ក្នុងសង្គមជាតិ ទាក់ទិននឹងវិស័យដីធ្លី ដូច្នេះយើងក៏បានរៀបចំគោលនយោបាយចុះបញ្ជីដីធ្លីបង្ហើយ ដើម្បីបង្កើតបរិយាកាសគ្មានវិវាទនៅក្នុងសង្គមជាតិទាំងមូល និងរៀបចំប្រទេសឱ្យកាន់តែល្អប្រសើរជាងមុន។

លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានចូលរួមជាមួយក្រុមការងារមន្ត្រីជំនាញ ក៏ដូចជាអាជ្ញាធរក្នុងការដោះស្រាយបញ្ហាដីធ្លី ដែលមានភាពចម្រូងចម្រាស់ រហូតទទួលបានប័ណ្ណកម្មសិទ្ធិនាពេលនេះ និងជម្រះនូវភាពសៅហ្មងទាក់ទិននឹងបញ្ហាដីធ្លីនេះកុំឱ្យអូសបន្លាយពេលវេលាតទៅមុខទៀត។

ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា “ក្រសួងបានដាក់ចេញនូវយុទ្ធសាស្ត្រ៦ចំណុច ដើម្បីបង្កើតបរិយាកាសគ្មានវិវាទ សំរាប់ប្រជាពលរដ្ឋរួមមាន ទី១៖ ត្រូវចុះបញ្ជីដីធ្លីបង្ហើយនៅទូទាំងប្រទេស ឲ្យបានចប់សព្វគ្រប់ បញ្ចប់វិវាទផ្ដល់នូវសុវត្ថិភាពផ្លូវច្បាប់ ក្នុងការកាន់កាប់អច​ល​នទ្រព្យ។ ទី២ បញ្ហាវិវាទដីធ្លីគឺជារឿងដែលបន្សល់ទុកឱ្យតជំនាន់ ប៉ុន្តែយើងត្រូវរួមគ្នាដោះស្រាយបញ្ចប់ ឲ្យអស់ស្របតាមបច្ចេកទេសសុរិ​យោ​ដី និងគោលការណ៍ច្បាប់។

ទី៣ ផ្ដល់សេវាគាប់ចិត្តដល់ប្រជាពលរដ្ឋ មានភាពងាយស្រួលដែលអាចប្រើប្រាស់រាល់សេវានានារបស់ក្រសួង តាមរយៈប្រព័ន្ធអនឡាញ។  ទី៤ ត្រូវថែរក្សាបឹងទន្លេសាបសម្រាប់មនុស្សតជំនាន់។

ទី៥ ដោះស្រាយបញ្ហាទិញដី និងផ្ទះក្នុងបុរីសម្រាប់ប្រជាពលរដ្ឋ ទី៦៖ ត្រូវអនុវត្តគោលការណ៍រស់នៅរបស់ប្រជាពលរដ្ឋ ក្នុងតំបន់បេតិ​កភណ្ឌ ដែលយុទ្ធសាស្ត្រទាំងនេះជាបំណងប្រាថ្នាដ៏ពិសិដ្ឋ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលចង់ឲ្យប្រជាពលរដ្ឋគ្រប់រូបមានទ្រនំសុភមង្គល មានលំនៅឋានរស់នៅ សមរម្យ មានម្ហូបអាហារហូបចុកគ្រប់គ្រាន់ មានការងារធ្វើមានប្រាក់ចំណូលសមរម្យ ទទួលបានការសិក្សាអប់រំគ្រប់ៗគ្នា និងរស់នៅប្រកបដោយភាពសុខដុមរមនា៕

LEAVE A REPLY

Please enter your comment!
Please enter your name here