ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាក្រុមអ្នកវិនិយោគនានាកំពុងងាកទៅបណ្តាក់ទុនក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសអូស្ត្រាលី ខណៈប្រទេសនេះត្រូវបានគេចាត់ទុកជាគោលដៅដ៏មានសុវត្ថិភាពសម្រាប់ការវិនិយោគ ក្នុងកាលៈទេសៈពិភពលោកកំពុងជួបប្រទះភាពតានតឹង។
កត្តាសំខាន់ៗ ដូចជា ការពឹងផ្អែកលើភាពរឹងមាំនៃតម្រូវការប្រើប្រាស់ក្នុងស្រុកដើម្បីជំរុញសេដ្ឋកិច្ច គួបផ្សំនឹងកំណើននៃចំនួនប្រជាជនបានធ្វើឱ្យប្រទេសអូស្ត្រាលីក្លាយជាគោលដៅវិនិយោគប្រកបដោយសុវត្ថិភាព និងស្ថិរភាព។ នេះបើយោងតាមក្រុមហ៊ុន Zagga។
ក្រុមហ៊ុន Zagga ជាក្រុមហ៊ុនឥណទានឯកជន ដែលផ្សារភ្ជាប់រវាងបណ្តាអ្នកវិនិយោគជាមួយអ្នកអភិវឌ្ឍន៍អចលនទ្រព្យ។ បច្ចុប្បន្ន ក្រុមហ៊ុននេះមានទំហំទ្រព្យសកម្មប្រមាណ៦៦០លានដុល្លារអាមេរិក និងបានផ្តល់ប្រាក់កម្ចីភាគច្រើនសម្រាប់ការអភិវឌ្ឍន៍លំនៅដ្ឋាន និងអចលនទ្រព្យពាណិជ្ជកម្ម។
ចំនួនប្រមាណ២៥ភាគរយ នៃចំនួនអ្នកវិនិយោគសរុបរបស់ក្រុមហ៊ុន Zagga មានមូលដ្ឋាននៅក្រៅប្រទេស រួមមានដូចជា ទីក្រុងហុងកុង ប្រទេសសិង្ហបុរី និងប្រទេសជប៉ុន។
យោងតាមក្រុមការងាររបស់ក្រុមហ៊ុន Zagga បានឱ្យដឹងថា បណ្តាវិនិយោគិនបរទេសជាច្រើន រួមមានទាំង បណ្តាក្រុមហ៊ុនធានារ៉ាប់រង និងការិយាល័យគ្រួសារ(Family Office) កំពុងស្វែងរកឱកាសចាក់បញ្ចូលដើមទុនវិនិយោគទៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសអូស្ត្រាលី។
ទោះជាយ៉ាងណា ការកើនឡើងនៃចំនួនប្រជាជនបានជំរុញឱ្យមានការខ្វះខាតលំនៅដ្ឋាននៅប្រទេសអូស្ត្រាលី។ ការណ៍នេះទាមទារឱ្យមានការជំរុញការសាងសង់លំនៅដ្ឋានថ្មីៗបន្ថែមទៀត។
ស្របពេលលំហូរជនអន្តោប្រវេសន៍កើនឡើង រដ្ឋាភិបាលអូស្ត្រាលីបានព្យាករណ៍ថា ចំនួនប្រជាជនសរុបក្នុងប្រទេសនេះនឹងកើនឡើងដល់ចំនួនជាង៣១លាននាក់នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០ បើធៀបនឹងចំនួនប្រជាជនសរុបប្រហែល២៧លាននាក់ក្នុងឆ្នាំ២០២៤៕ប្រភព: Nikkei Asia៕