ដោយៈ គង់ សូរិយា
កោះកុងៈ គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិមួយឈ្មោះ Qixinghai Cambodia-China Comprehensive គ្រោងនឹងលេចឡើងនៅក្នុងខេត្តកោះកុង។
គំរោងនេះ នឹងអភិវឌ្ឍន៍ដោយក្រុមហ៊ុន Cambodia Youhaina Investment Co., Ltd. វិនិយោគក្នុងទឹកប្រាក់ប្រមាណ២.៥ពាន់លានដុល្លារអាម៉េរិក។
គម្រោង Qixinghai Cambodia-China Comprehensive សាងសង់គ្របដណ្តប់លើផ្ទៃដី៣៦០គីឡូម៉ែត្រការ៉េ គឺជាគម្រោងសាងសង់ទីក្រុងដ៏ធំមួយ នៅក្នុងខេត្តកោះកុង ដែលជាគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់ និងផ្លូវមួយ” ជាគម្រោងចម្រុះ រួមបញ្ចូលដូចជាសណ្ឋាគារថ្នាក់ផ្កាយ៥ អគារមជ្ឈមណ្ឌលពាណិជ្ជកម្ម មជ្ឈមណ្ឌលហ្គេម កាស៊ីណូ កន្លែងកម្សាន្ត វីឡាលំហែកាយ កន្លែងជិះទូកកម្សាន្ត សួនកុមារ ផ្សារទំនើប ភោជនីយដ្ឋានជាដើម។
ទោះជាយ៉ាងណា រហូតមកទល់ពេលនេះ គម្រោងនេះមិនទាន់លេចចេញរូបរាងនៅឡើយទេ។
សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia ដែលបានតាមដាន ដំណើរវិវត្តន៍នៃវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចកម្ពុជាបានលើកឡើងកាលពីល្ងាចថ្ងៃទី២២ កក្កដាថា ប្រសិនជាផែនការនេះបានអភិវឌ្ឍន៍តាមការគ្រោងទុក ខេត្តកោះកុងនឹងផ្លាស់ប្តូរមុខមាត់កាន់តែត្រដែតថែមទៀត ដែលរួមចំណែកលើកកំពស់សេដ្ឋកិច្ច និងសង្គមកម្ពុជាឆ្ពោះទៅមុខកាន់តែលឿនថែមទៀត។
លោកបន្តថា “ទោះជាយ៉ាងណា វិបត្តិអចលនទ្រព្យនៅប្រទេសចិន និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល អាចធ្វើឲ្យគំរោងនេះពន្យាពេលសាងសង់”។ លោកបន្ថែមថា “ជាក់ស្តែងគំរោងអភិវឌ្ឍន៍ធំៗជាច្រើននៅកម្ពុជា បានពន្យាពេលដោយសារបញ្ហាសេដ្ឋកិច្ច អំណាចនៃការទិញក្នុងទីផ្សារ និងតម្រូវការនៅមានកម្រិត ក៏ធ្វើឲ្យអ្នកអភិវឌ្ឍន៍ពន្យាពេលផងដែរ”៕