ខេត្តកំពង់ធំឈានមុខគេ ដោយមានគំរោងវារីវប្បកម្មទំហំ៣០០០ ហិកតាដំបូងគេនៅកម្ពុជា

0

ដោយៈ និស្ស័យ

    កំពង់ធំៈ ខេត្តកំពង់ធំកំពុងឆ្ពោះទៅមុខ ជាមួយនឹងគំរោងអភិវឌ្ឍន៍វារីវប្បកម្ម លាតសន្ទឹងលើផ្ទៃ៣ ០០០ហិកតា ស្ថិតក្នុងស្រុកស្ទោង។

អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន បានបញ្ជាក់ឲ្យដឹងបែបនេះ ក្នុងពិធី​ដាក់ឱ្យដំណើរការធនាគារវីងសាខាខេត្តកំពង់ធំ នៅថ្ងៃទី២១ ខែកក្កដា។

ខេត្តនេះ ក៏មានសួនឧស្សាហកម្មស្វាយចន្ទីដ៏ធំផងដែរ ក៏ទទួលបានការជំរុញបន្ថែម ពីសម្ដេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោក នួន ផារ័ត្ន បានលើកឡើងថា ខេត្តកំពង់ធំ កំពុងអភិវឌ្ឍវិស័យកសិកម្ម ទៅជាកសិ-ឧស្សាហកម្ម ក្រោមការគាំទ្រនិងជំរុញយ៉ាងពេញទំហឹងពី សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ នៅឆ្នាំ ២០២៦ ខេត្តកំពង់ធំ នឹងមានគម្រោងរីវប្បកម្មដ៏ធំមួយ លាតសន្ទឹងលើផ្ទៃដី៣០០០ហិកតា ស្ថិតក្នុងស្រុកស្ទោង។

លោកបន្តថា វារីវប្បកម្មនេះទទួលការអនុញ្ញាត និងបញ្ជាឱ្យដំណើរការរួចហើយ ពីសម្ដេច ហ៊ុន ម៉ាណែត។ គម្រោងនេះ នឹងជួយបំពេញវិស័យកសិកម្ម និងទេសចរណ៍ ខេត្តកំពង់ធំឱ្យកាន់តែមានភាពរស់រវើកបន្ថែមទៀត។

លោកបញ្ជាក់ថា “ឆ្នាំក្រោយនេះខេត្តកំពង់ធំ នឹងមានគម្រោងវារីវប្បកម្មដ៏ធំមួយ លើផ្ទៃដី ៣០០០ហិកតា ដែលជាគម្រោងធំមួយ ជួយទាញសក្ដានុពលបន្ថែមទៀត ទាំងក្នុងវិស័យកសិកម្ម ក៏ដូចជាវិស័យទេសចរណ៍”។

គម្រោងនេះ ស្ថិតស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាគោលដៅសំខាន់ ដោយទទួលបានការអនុញ្ញាត និងបញ្ជាឱ្យដំណើរការរួចហើយ ពីសម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីកម្ពុជា។

កំពង់ធំ ជាខេត្តមួយស្ថិតនៅចំកណ្ដាលប្រទេសកម្ពុជា មានចម្ងា​យ១៦៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ។

តាមតួលេខឆ្នាំ២០២៣ ខេត្តមួយនេះ មានសក្ដានុពលលើវិស័យកសិកម្ម ដោយបានដាំដុះស្រូវជាង ២៥ម៉ឺនហិកតា ស្វាយចន្ទីជាង ១១ម៉ឺនហិកតា ដំឡូងមីជាង៥ម៉ឺនហិកតា រួមទាំងដំណាំជាច្រើនទៀត។

ក្រោមការដឹកនាំរបស់ រដ្ឋាភិបាលនីតិកាលទី៧ ខេត្តកំពង់ធំ ទទួលបានការគាំទ្រ និងខ្វល់ខ្វាយស្ទើរគ្រប់វិស័យ ជាពិសេសពាក់ព័ន្ធវិស័យ កសិកម្ម និងកសិ-ឧស្សាហកម្ម។ ជាក់ស្ដែង ក្រៅពី គម្រោងវារីវប្បកម្ម ខេត្តកំពង់ធំ ក៏កំពុងបង្កើត “សួនឧស្សាហកម្មស្វាយចន្ទី”មួយកន្លែងផងដែរ ដើម្បីប្រមូលផ្ដុំការវិនិយោគ រោងចក្រកែច្នៃគ្រប់ប្រភេទ។

គម្រោងនេះ នឹងចេញដំណើរនៅឆ្នាំ២០២៥ ដោយរដ្ឋនឹងជួយគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here