ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្ដេចមហាបបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញនូវការស្ញប់ស្ញែងចំពោះទឹកចិត្ត លោកស្កុត នីសុន ស្ថាបនិក និងជាអគ្គនាយកអង្គការមូលនិធិកុមារកម្ពុជា ដែលបានលះបង់ជីវិតក្នុងភាពហ៊ឺហាឡូយឆាយ អាជីពការងារនៅបរទេស ដើម្បីចូលរួមចំណែកជួយសង្គ្រោះដល់កុមារនៅកម្ពុជា ជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបង្កើតជាអង្គការមួយនេះឡើង។
ក្នុងឱកាសអញ្ជើញជាអធិបតីរួមគ្នា ជាមួយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្ពោធមជ្ឈមណ្ឌលផ្កាឈូក ដែលជាអង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា អ្វីដែលលោក ស្កុត នីសុន បានធ្វើសម្រាប់កុមារកម្ពុជាតាំងពីដើមរហូតមក គឺជាការងារធ្វើចេញពីបេះដូងដោយសុទ្ធចិត្ត។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតបានបញ្ជាក់ថា “និយាយអំពីការធ្វើការដោយបេះដូង អ្វីដែលលោកស្កុត បានធ្វើនេះជាឧទាហរណ៍មួយធំណាស់”។ សម្តេចបន្ថែមថា “គាត់លះបង់ប្រាប់ខែរាប់សែនដុល្លារ ជាអ្នកដឹកនាំដ៏ល្បីមួយរបស់ហូលីវូដ គាត់មានជីវភាពរបស់នៅជីវិតហាយសូ តែគាត់លះបង់ទាំងអស់ ដើម្បីមកធ្វើការដោយបេះដូងជាមួយប្រជាពលរដ្ឋរបស់យើង”។
សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានបញ្ជាក់ថា ក្នុងមួយឆ្នាំៗ លោក ស្កុត នីសុន បានចេញទៅរៃអង្គាសថវិកា តាមរយៈការបង្កើតមូលនិធិជាច្រើននៅក្រៅប្រទេស ដើម្បីប្រមូលថវិកាមកជួយដល់កុមារកម្ពុជា។ សម្ដេចបានចាត់ទុកលោក ស្កុត ជាដៃគូដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយបន្ដដោយការគិតគូ តាំងពីសម្ដេចតេជោ ហ៊ុន សែន នៅជានាយករដ្ឋមន្ដ្រីនៃកម្ពុជាមកម្ល៉េះ។
បន្ថែមពីនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក ស្កុត នីសុន ស្ថាបនិក និងជាអគ្គនាយកអង្គការមូលនិធិកុមារកម្ពុជាលោក ចេមស៍ ម៉ាខេប នាយកប្រតិបត្តិអង្គភាពការពារកុមារ ក៏ដូចជាថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ របស់អង្គភាពការពារកុមារ និងអង្គការមូលនិធិកុមារកម្ពុជា ដែលបានលះបង់អស់កម្លាំងកាយចិត្ត ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងប្រតិបត្តិការថែរទាំ គាំពារ ការពារ និង ស្តារនីតិសម្បទា ជូនដល់ជនរងគ្រោះ ដោយសារអំពើរំលោភបំពាន សំដៅផ្តល់ក្តីសង្ឃឹមក្នុងជីវិតឡើងវិញ ជាពិសេសសម្រាប់កុមារដែលងាយរងគ្រោះបំផុត។
អង្គភាពការពារកុមារនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ជាមួយគោលបំណងផ្តល់ការ ជ្រោមជ្រែងគ្រប់ជ្រុងជ្រោយនោក្នុងកិច្ចការស៊ើបអង្កេត និងកិច្ចការគាំពារកុមាររងគ្រោះដោយសារបទល្មើស បៀតបៀន កេងប្រវ័ញ្ច និងជួញដូរ។
លើសពីនេះ អង្គភាពការពារកុមារ មានចក្ខុវិស័យវែងឆ្ងាយ មានបេសកកម្មច្បាស់លាស់ និងគុណតម្លៃត្រឹមត្រូវដែលបាន និងកំពុងដើរតួនាទីជាត្រីវិស័យ និងបង្គោលចរ សម្រាប់ដឹកនាំអង្គភាពនេះ ឲ្យទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងការគាំពារកុមារកម្ពុជា តាមរយៈការផ្តល់សេវាកម្មស៊ើបអង្កេត និងសេវាកម្មគាំពារកុមាររងគ្រោះ ដោយសារអំពើរំលោភបំពាននានា។
ការដាក់ឲ្យដំណើរការ “មណ្ឌលផ្កាឈូក” នាពេលនេះ គឺជាគំនិតផ្តួចផ្តើមថ្មីមួយ និងមិនធ្លាប់មាន សម្រាប់ផ្តល់ការថែរទាំ ការគាំពារ ការការពារ និងការស្តារនីតិសម្បទាជូនដល់ជនរងគ្រោះ ដោយសារអំពើរំលោភបំពាន និងមានលក្ខណៈពិសេសតែមួយគត់ ក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយសារ “មណ្ឌលផ្កាឈូក” ផ្តោតសំខាន់លើជនរងគ្រោះ និងការប្រើប្រាស់នូវបច្ចេកវិទ្យា និងវិធីសាស្រ្តទំនើបក្នុងការស៊ើបអង្កេត ការស្រាវជ្រាវ និងការវិភាគបទល្មើស។
ម៉្យាងទៀត “មណ្ឌលផ្កាឈូក” នឹងដាក់ចេញនូវស្តង់ដាការងារប្រកបដោយឧត្តមភាពខ្ពស់ ទាំងនៅកម្រិតតំបន់ និងសកល ស័ក្តិសមជាមណ្ឌលគាំពារកុមារគំរូ និងមានការទទួលស្គាល់ជាអន្តរជាតិ៕