ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់ទីក្រុងឌូបៃនៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម(UAE) កំពុងឈានចូលដល់ដំណាក់កាលមានស្ថិរភាព បន្ទាប់ពីតម្លៃជួលការិយាល័យបានកើនឡើងក្នុងរយៈពេលពីរឆ្នាំកន្លងមក។
យោងតាមរបាយការណ៍បានបង្ហាញថា ចំនួនជិត៥០ភាគរយនៃតំបន់ពាណិជ្ជកម្មសំខាន់ៗចំនួន២៣ នៅទីក្រុងឌូបៃ បានជួបប្រទះស្ថានភាពនៅទ្រឹងនៃតម្លៃជួលការិយាល័យនៅត្រីមាសទី២ ឆ្នាំ២០២៥ ខណៈកាលពីឆ្នាំ២០២៤ តម្លៃជួលបានកើនឡើងជារៀងរាល់ត្រីមាស។
ទោះជាយ៉ាងណា តម្លៃជួលការិយាល័យលំដាប់ Prime នៅទីក្រុងឌូបៃបានហក់ឡើង៣៦ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ការិយាល័យលំដាប់ Prime ជាប្រភេទការិយាល័យដែលមានគុណភាពខ្ពស់ និងស្ថិតនៅទីតាំងអំណោយផលល្អបំផុត និងត្រូវបានបំពាក់ទៅដោយគ្រឿងបរិក្ខារទំនើបៗ។
ការកើនឡើងនៃតម្រូវការជួលការិយាល័យ ដែលមានទំហំធំបានក្លាយជានិន្នាការថ្មីកាលពីត្រីមាសទី២។ តួយ៉ាង ចំនួន៤៤ភាគរយនៃការសាកសួរព័ត៌មានអំពីការជួលការិយាល័យនៅចន្លោះខែមេសាដល់ខែមិថុនា ជាការសាកសួរទាក់ទងនឹងការជួលការិយាល័យ ដែលមានទំហំចន្លោះពី១០.០០០ហ្វីតការ៉េទៅ២០.០០០ហ្វីតការ៉េ។
ផ្ទុយទៅវិញ ការជួលបន្ទប់ការិយាល័យតូចៗ ដែលមានទំហំក្រោម១០.០០០ហ្វីតការ៉េបានគ្របដណ្តប់ ចំណែកត្រឹមតែ៣៨ភាគរយប៉ុណ្ណោះនៃតម្រូវការជួលការិយាល័យសរុបនៅទីក្រុងឌូបៃកាលពីត្រីមាសទី២។
លោក Toby Hall ប្រធានទីភ្នាក់ងារអចលនទ្រព្យពាណិជ្ជកម្មនៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills Middle East បានអះអាងថា “ទោះបីជាសេដ្ឋកិច្ចពិភពលោកមានភាពមិនច្បាស់លាស់យ៉ាងណាក្តី ក៏ទីក្រុងឌូបៃនៅតែជាគោលដៅទាក់ទាញក្រុមហ៊ុននានាចូលមកពង្រីកការបោះទុនវិនិយោគ និងការបើកការិយាល័យស្នាក់ការកណ្តាលប្រចាំតំបន់”៕ប្រភព: Gulf News៕