ដោយៈ គង់ សូរិយា
ព្រះសីហនុៈ ជាដំណឹងរីករាយមួយ សម្រាប់អ្នករស់នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលទទួលបាននូវតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយ ដែលនឹងផ្តល់ឱកាសការងារសរុបប្រមាណ៧.០០០កន្លែង។
ព័ត៌មានដ៏ល្អនេះ ត្រូវបានលើកឡើងក្នុងប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ លើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសអាយអេសអាយ (ISI SEZ) របស់ក្រុមហ៊ុនហ្គោលដិន ផត អេសអ៊ីហ្សិត ឌីវេឡុបមិន ឯ.ក ដែលមានទីតាំងស្ថិតក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
-->
ក្នុងកិច្ចប្រជុំនេះ លោកឡុង ឌីម៉ង់អភិបាលរងខេត្តព្រះសីនហនុ បានស្នើឱ្យអង្គប្រជុំទាំងមូល បានការចាប់អារម្មណ៍ទៅលើការគ្រប់គ្រងបរិស្ថាន និងវិធានការនានាដែលចាំបាច់ត្រូវដាក់ចេញ ដើម្បីកាត់បន្ថយផលវិបាកដែលជៀសមិនផុត។

ជាលទ្ធផល ស្របជាមួយនឹងការគាំទ្រចំពោះគម្រោងនេះ តំណាងក្រសួង និងស្ថាប័នទាំងអស់បានចូលរួមមតិយោបល់ និងវិធានការការពារទៅតាមជំនាញរៀងៗខ្លួន ធ្វើយ៉ាងណាឱ្យគម្រោងអាចដំណើរការទៅមុខ មានផលប៉ះពាល់ជាអប្បបរមា និងមាននិរន្តរភាព។
កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមហ៊ុនហ្គោលដិន ផត អេសអ៊ីហ្សិត ឌីវេឡុបមិន ឯ.ក ទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសISI នៅលើផ្ទៃដីសរុបប្រមាណ២០៦ហិកតា។ គម្រោងនេះ មានទុនវិនិយោគសរុបប្រមាណ៥០.៥០០.០០០ដុល្លារអាមេរិក ដែលត្រូវបានរំពឹងថានឹងផ្តល់ឱកាសការងាររហូតដល់៧.០០០កន្លែងបន្ថែមទៀត៕

