កាសែតអន្តរជាតិឯករាជ្យចុះផ្សាយថា បទឈប់បាញ់រវាងកម្ពុជា និងថៃនៅតែរក្សាបានជាធរមាន ទោះជាមានការចោទប្រកាន់

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: កាសែតបរទេសឯករាជ្យនានាបានចុះផ្សាយនូវការបដិសេធរបស់ភាគីកម្ពុជាចំពោះភាគីថៃ ដែលបានចោទប្រកាន់ថា កម្ពុជាបានរំលោភបទឈប់បាញ់ ដែលត្រូវបានឯកភាពគ្នា ក្រោមការសម្របសម្រួលដោយសហរដ្ឋអាមេរិក ប្រទេសម៉ាឡេសុី និងប្រទេសចិន។

កាសែត Reuters បានរាយការណ៍ថា ខណៈពេលដែលប្រទេសថៃបានចោទប្រកាន់កម្ពុជាពីការរំលោភលើបទឈប់បាញ់ កម្ពុជាបានបដិសេធការចោទប្រកាន់នេះ ដោយអះអាងថា កងទ័ពរបស់ខ្លួនបានគោរពយ៉ាងម៉ឺងម៉ាត់ចំពោះបទឈប់បាញ់។

កាសែត Reuters បានកត់សម្គាល់ថាបទឈប់បាញ់នៅតែត្រូវបានគោរពជាផ្លូវការ បន្ទាប់ពីមានអន្តរាគមន៍ការទូត ដោយកម្ពុជាបានច្រានចោលការចោទប្រកាន់របស់ភាគីថៃអំពីការរំលោភបទឈប់បាញ់ និងបញ្ជាក់ពីការអនុលោមតាមច្បាប់ពេញលេញ។

កាសែត The Guardian ក៏​បាន​បញ្ជាក់​ថា កម្ពុជា​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ដោយ​កម្ពុជាអះអាង​ថា​ ខ្លួនបានគោរព​តាម​កិច្ច​ព្រមព្រៀង​នេះ។ បទ​ឈប់​បាញ់​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ មាន​ភាព​ផុយ​ស្រួយ។ ទោះជាយ៉ាងណា បទឈប់បាញ់នៅ​តែ​អាចរក្សា​បានជាធរមាន មកទល់ពេលនេះ។

យោងតាមសារព័ត៌មាន AP បានចុះផ្សាយថា ខណៈបទឈប់បាញ់ត្រូវបានសាកល្បង ហើយប្រទេសថៃបានធ្វើការចោទប្រកាន់ ភាគីទាំង២ បានឯកភាពផ្អាកការចល័តទ័ព និងបញ្ចៀសការកើនឡើងកំដៅនៃភាពតានតឹង។

លោក Sean O’Neill បេក្ខភាពឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសថៃបានអះអាងថា ជម្លោះព្រំដែនរវាងថៃជាមួយកម្ពុជានាពេលថ្មីៗនេះ មិនមានផលប្រយោជន៍សម្រាប់ប្រជាជនថៃ ឬសម្ព័ន្ធភាពរបស់ប្រទេសថៃជាមួយសហរដ្ឋអាមេរិកនោះទេ។

លោក Sean O’Neill បានលើកឡើងបែបនេះក្នុងព្រឹទ្ធសភាអាមេរិក នៅពេលលោកត្រូវបានគេសាកសួរអំពីការប្រយុទ្ធគ្នាអស់រយៈពេល៥ថ្ងៃរវាងប្រទេសថៃ និងកម្ពុជា។

នៅពេលសាកសួរថា តើលោកនឹងធ្វើដូចម្តេចដើម្បីធានាថា បទឈប់បាញ់នឹងក្លាយជាកិច្ចព្រមព្រៀងសន្តិភាពរយៈពេលវែង លោក O’Neill បានអះអាងថា “ខ្ញុំគិតថា រឿងដំបូងដែលខ្ញុំនឹងធ្វើ គឺខ្ញុំចង្អុលប្រាប់ទៅកាន់ថៃ ដែលជាសម្ព័ន្ធមិត្តរបស់យើងនៅតំបន់អាស៊ីថា សង្រ្គាមបែបនេះ ជម្លោះបែបនេះ មិនមានផលប្រយោជន៍សម្រាប់ប្រជាជនថៃនោះទេ”៕ប្រភព: CNA & The Guardian & Reuters & AP៕

LEAVE A REPLY

Please enter your comment!
Please enter your name here