ការវិនិយោគអចលនទ្រព្យលើពិភពលោកនឹងសម្រេចបានទំហំទឹកប្រាក់៩៥២ពាន់លានដុល្លារក្នុងឆ្នាំ២០២៥នេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Savills បានព្យាករណ៍ថា ការវិនិយោគអចលនទ្រព្យសរុបទូទាំងពិភពលោកនឹងសម្រេចបានទំហំទឹកប្រាក់ចំនួន៩៥២ពាន់លានដុល្លារក្នុងឆ្នាំ២០២៥នេះ ហក់ឡើង២៧ភាគរយធៀបនឹងឆ្នាំ២០២៤។

ទីផ្សារលំនៅដ្ឋាន ដូចជា លំនៅដ្ឋានរបស់សិស្ស-និស្សិត និងលំនៅដ្ឋានសម្រាប់មនុស្សចាស់ នៅតែទទួលបានការវិនិយោគច្រើនបំផុតនៅទូទាំងពិភពលោក។ ទំហំនៃការវិនិយោគលើប្រភេទលំនៅដ្ឋានទាំងនេះនៅសហរដ្ឋអាមេរិកបានកើនឡើងដល់លើស២២ពាន់លានដុល្លារកាលពីត្រីមាសទី១។

ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មកំពុងងើបឡើងវិញ។ ទោះជាយ៉ាងណា តម្រូវការការិយាល័យនៅតែមានស្ថានភាពយឺត។ ប៉ុន្តែ តម្រូវការអចលនទ្រព្យផ្នែកឧស្សាហកម្មនៅតែមានសភាពរឹងមាំ។ ការវិនិយោគលើលំនៅដ្ឋាន និងសណ្ឋាគារនៅតំបន់អឺរ៉ុបបានកើនឡើង ខណៈសកម្មភាពជួលការិយាល័យបានបន្តធ្លាក់ចុះ។

នៅត្រីមាសទី១ ឆ្នាំ២០២៥ ទំហំនៃការវិនិយោគអចលនទ្រព្យសរុបនៅតំបន់អាសុីប៉ាសុីហ្វិកបានដាំក្បាលចុះ៤៥ភាគរយបើប្រៀបធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២៤។ លំហូរមូលធនបរទេសបានគ្របដណ្តប់ចំណែក៣១ភាគរយនៃការវិនិយោគសរុប ខណៈវិនិយោគិនបរទេសភាគច្រើនមានប្រភពមកពីតំបន់អាមេរិកខាងជើង។

ទីក្រុងឌូបៃនៃប្រទេសអេមីរ៉ាត់អារ៉ាប់រួមបានសម្រេចកិច្ចព្រមព្រៀងអចលនទ្រព្យ ដែលមានតម្លៃសរុបចំនួន១១៧ពាន់លានដុល្លារអាមេរិកក្នុងឆមាសទី១ ឆ្នាំ២០២៥ ដោយសារការកែទម្រង់គោលនយោបាយទិដ្ឋាការ និងការលើកទឹកចិត្តចំពោះកម្មសិទ្ធិបរទេស៕ប្រភព: PwC & Savills៕

LEAVE A REPLY

Please enter your comment!
Please enter your name here