ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការសិក្សាបានបង្ហាញថា មហាសេដ្ឋីជាច្រើនក្នុងតំបន់អាសុីបានបោះទុនវិនិយោគលើផលបត្រទ្រព្យសកម្មនានា ដែលក្នុងនោះក៏រួមមានទាំង ផលបត្រក្នុងវិស័យអចលនទ្រព្យផងដែរ។
ខាងក្រោមនេះជាឈ្មោះមហាសេដ្ឋីអចលនទ្រព្យ,ដែលមានទ្រព្យសម្បត្តិច្រើនជាងគេទាំង៥នៅតំបន់អាស៊ី ដោយផ្អែកលើទិន្នន័យថ្មីចុងក្រោយបង្អស់៖
ទី១: គ្រួសារលោក Lee Shau Kee
ទ្រព្យសម្បត្តិសុទ្ធរបស់គ្រួសារលោក Lee ត្រូវបានគេប៉ាន់ប្រមាណថា មានទំហំទឹកប្រាក់ចន្លោះពី២៧ពាន់លានដុល្លារទៅ៣០ពាន់លានដុល្លារនៅដើមឆ្នាំ២០២៥។ លោកបានបង្កើតក្រុមហ៊ុន Henderson Land Development ដែលបានបោះទុនវិនិយោគលើគម្រោងល្បីៗដូចជា អគារមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ (IFC) នៅទីក្រុងហុងកុង។
លោក Lee ត្រូវបានគេប្រសិទ្ធនាមថា ជា “Warren Buffett of Asia”។ លោក Lee បានកសាងអាណាចក្រក្រុមហ៊ុនអចលនទ្រព្យដ៏ធំបំផុតមួយក្នុងតំបន់អាសុី ដែលមានផលបត្រអចលនទ្រព្យពាណិជ្ជកម្ម លំនៅដ្ឋាន សណ្ឋាគារ និងហេដ្ឋារចនាសម្ព័ន្ធ។
ទី២: លោក Wang Jianlin
លោក Wang មានទ្រព្យសម្បត្តិចន្លោះពី១៥ពាន់លានដុល្លារទៅ២៤ពាន់លានដុល្លារអាមេរិក។ លោក Wang ជាស្ថាបនិកក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតមួយក្នុងប្រទេសចិន Dalian Wanda Group ដែលមានផលបត្រមជ្ឈមណ្ឌលផ្សារទំនើប និងសណ្ឋាគារប្រណីត។
ទី៣: គ្រួសារ Thomas & Raymond Kwok
គ្រួសារនេះមានទ្រព្យសម្បត្តិសរុបចន្លោះពី១៤ពាន់លានដុល្លារទៅ១៦ពាន់លានដុល្លារ។ បច្ចុប្បន្ន គ្រួសារ Thomas & Raymond Kwok គ្រប់គ្រងក្រុមហ៊ុន Sun Hung Kai Properties ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតមួយរបស់ទីក្រុងហុងកុង។
ទី៤: គ្រួសារលោក Cheng Yu‑tung
គ្រួសារលោក Cheng មានទ្រព្យសម្បត្តិប្រហែល១៦ពាន់លានដុល្លារ។ លោក Cheng ជាស្ថាបនិកក្រុមហ៊ុន Chow Tai Fook Enterprises និងក្រុមហ៊ុន New World Development ដែលបានបោះទុនវិនិយោគលើគម្រោងជាច្រើន ដូចជា ផ្សារទំនើប លំនៅដ្ឋាន និងសណ្ឋាគារនៅទីក្រុងហុងកុង និងទីក្រុងម៉ាកាវរបស់ប្រទេសចិន។
ទី៥: លោក Joseph Lau
លោកមានទ្រព្យសម្បត្តិចន្លោះពី១១ពាន់លានដុល្លារទៅ១៣ពាន់លានដុល្លារ។ លោក Joseph Lau គ្រប់គ្រងភាគហ៊ុនភាគច្រើន នៅក្នុងក្រុមហ៊ុន China Estates Holdings ដែលបានបោះទុនវិនិយោគលើការអភិវឌ្ឍន៍លំនៅដ្ឋាន និងអគារពាណិជ្ជកម្មជាច្រើននៅក្នុងទីក្រុងហុងកុង និងទីក្រុងម៉ាកាវ៕ប្រភព: Bproperty& Reuters៕