(ភ្នំពេញ)៖ សហគមន៍បរទេសដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា បានអញ្ជើញមកដល់ស្ថានីយ៍ទូរទស្សន៍ស៊ីធីអិន ដោយផ្ទាល់ កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីចូលរួមជាមួយមូលនិធិ ទ្រទ្រង់ជនភៀសសឹក នូវថវិកាមួយចំនួន សម្រាប់ជួយដល់កងទ័ព ជនភៀសសឹក ដែលបានភៀសខ្លួនចេញពីតំបន់វាយប្រហារពីការឈ្លានពានរបស់ថៃ
មកកាន់ទីជំរុំសុវត្ថិភាព ។
សហគមន៍ជនបរទេសប្រមាណជាង៣០នាក់ ដែលមានវត្តមានមកចូលរួមមូលនិធិនៅស្ថានីយទូរទស្សន៍ ស៊ីធីអិន នេះ ត្រូវបានគេដឹងថាមកពីបណ្តាក្រុមហ៊ុន អង្គការ ស្ថាប័នជាច្រើនផ្សេងគ្នា និងចម្រុះជាតិសាសន៍ ក្នុងនោះមានជនជាតិ សហរដ្ឋអាមេរិក សិង្ហបុរី អ៊ុយក្រែន ឥណ្ឌា ប៉ាហ្គីស្ថាន ម៉ាឡេស៊ី ស្កុតឡែន អាហ្វ្រិកខាងត្បូង បារាំង ហ្វីលីពីន ឆែក អាល្លឺម៉ង់ និងរុស្ស៊ី។

-->
តំណាងសហគមន៍បរទេសរស់នៅ និងធ្វើការនៅកម្ពុជា លោក Mark Hana បានឱ្យដឹងថា សហគមន៍ជនបរទេស ដែលមករកទទួលទាន រស់នៅ និងធ្វើការងារនៅកម្ពុជា បានមើលឃើញពីការបង្កើតមូលនិធិ ទ្រទ្រង់ជនភៀសសឹក និងបានឃើញពីសង្គ្រាមក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបានឃើញពីទុក្ខសោករបស់ប្រជាជនកម្ពុជា បានឃើញព័ត៌មានពិត ដែលកម្ពុជាជាប្រទេសដែលរងគ្រោះ ពីការឈ្លានពានរបស់ថៃ ។
លោក Mark Hana បន្តថា ការមកចូលរួមជាមួយ មូលនិធិទ្រទ្រង់ជនភៀសសឹក នៅស្ថានីយទូរទស្សន៍ ស៊ីធីអិន នេះ ក្នុងគោលបំណងដើម្បីជាការជួយដឹងឮ ជួយឈឺឆ្អាល ក្នុងនាមជនបរទេសដែលរកស៊ីនៅស្រុកខ្មែរ ដឹងពីធាតុពិត ដឹងពីការពិតនូវអ្វីដែលបានកើតឡើងពីការឈ្លានពានរបស់ថៃ ដូច្នេះពួកគាត់មកចូលរួមជាមូលនិធិផង និងចូលរួមជាការបង្ហាញពីសំឡេងរបស់ពួកគាត់ ក្នុងនាមជាជនបរទេសក្នុងស្រុកខ្មែរ ចង់បង្ហាញទៅកាន់ពិភពលោកថា វាជាការពិតដែលកម្ពុជាត្រូវទទួលបានយុត្តិធម៌ ហើយពិភពលោកក៏គួរតែដឹងអំពីកម្ពុជា កំពុងទទួលរងគ្រោះ សោកសង្រេងពីការឈ្លានពានរបស់ប្រទេសថៃ ។
ក្នុងនោះសហគមន៍ជនបរទេស ក៏បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន ដោយផ្ញើសារ ពីការឈឺចាប់របស់ប្រជាជនកម្ពុជាដែលរងគ្រោះ ហើយចង់ឱ្យការឈឺចាប់ទាំងអស់នេះ ទទួលបានការដឹងឮនៅលើពិភពលោកផងដែរ។ ជាក់ស្តែងដូចជាអ្នកជំនួញម្នាក់មកពី អ៊ុយក្រែន បានបញ្ជាក់ថា ស្ថានភាពសង្គ្រាមដ៏អាក្រក់នៅអ៊ុយក្រែន ពិតជាបានធ្វើឱ្យលោកយល់ពីការរងគ្រោះរបស់កម្ពុជា និងភាពឈឺចាប់ វេទនារបស់ប្រជាជនកម្ពុជា។ ដូច្នេះភាពរំជួលចិត្តបានធ្វើឱ្យលោកត្រូវតែមកចូលរួមជាសក្ខីភាពនាពេលនេះ។
សូមបញ្ជាក់ថា តបតាមការអំពាវនាវពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា, មូលនិធិ CTN ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិនៃក្រុមហ៊ុន CBS របស់អ្នកឧកញ៉ា គិត ម៉េង បានប្រកាសចាប់ផ្តើម កៀរគរថវិកាជួយដល់កងទ័ព ដែលកំពុងឈរជើងការពារដែនអធិបតេយ្យភាពជាតិនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ដោយឡែកនេះជា មូលនិធិ ទ្រទ្រង់ជនភៀសសឹក ដំណាក់កាលទី២ ដើម្បីកៀរគរមូលនិធិ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ជួយដល់កងទ័ព និងជនភៀសសឹកពីការវាយប្រហារឈ្លានពានរបស់ថៃ៕
