(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ជនភៀសសឹងកម្ពុជា ដោយសារសង្គ្រាមនៅព្រំដែនកម្ពុជា-ថៃ បានកើនឡើងដល់ ១៧២ ០៩៤នាក់។
លើកឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា- ថៃ» នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងថា «ចំពោះការធ្វើបច្ចុប្បន្នភាពនៃជនភៀសសឹង គិតត្រឹមល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នៅខេត្តឧត្តរមានជ័យសរុបចំនួន ៣៩ ៥៤៦នាក់, ខេត្តព្រះវិហារសរុប ៣២ ៥៥៨នាក់, បន្ទាយមានជ័យសរុបចំនួន ៣៥ ០៥៧នាក់, ខេត្តពោធិ៍សាត់សរុបចំនួន ៣ ០២៦នាក់, ខេត្តសៀមរាបសរុបចំនួន ៦១ ៩០៧នាក់ ដែលសរុបទាំង៥ខេត្តនេះ កើនឡើងដល់ ១៧ ២០៩៤នាក់»។
សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ យោធាឈ្លានពានថៃ បានបើកការវាយប្រហារមកលើកម្ពុជាជាច្រើនទីតាំង ដោយមានការប្រើប្រាស់អាវុធធុនធ្ងរ និងយន្តហោះចម្បាំង F-16 ផងដែរ។ ទីតាំងទាំងនោះ រួមមាន៖ តំបន់ភ្នំទ្រព្យ, តាថាវ, ភ្នំខ្មោច, អូរផ្កាស្នេហ៍, មុំបី, ប្រាសាទតាមាន់ធំ, ប្រាសាទតាក្របី, វត្តអារាម, មណ្ឌលសុខភាព, ភូមិឋានប្រជាពលរដ្ឋ និងប្រាសាទព្រះវិហារជាដើម នឹងបានធ្វើឱ្យប្រជាពលរដ្ឋរាប់សែននាក់ ត្រូវធ្វើភៀសសឹក ចាគចេញពីផ្ទះរបស់ខ្លួនដើម្បីគេចចេញពីគ្រាប់ផ្លោងរបស់សៀម។








