ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំនួន ១៥,០០០ដុល្លារ (មួយម៉ឺនប្រាំពាន់ដុល្លារអាម៉េរិក) សម្រាប់ជួយដល់ប្រជានុរាស្ត្រភៀសសឹក។
ក្នុងសារលិខិតនោះមានខ្លឹមសារថា “ខ្ញុំម្ចាស់ មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានទទួលនូវព្រះរាជូបត្ថម្ភនូវថវិកា ចំនួន15.000 USD (មួយម៉ឺនប្រាំពាន់ដុល្លារសហរដ្ឋអាម៉េរិក) ពីសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វ ព្រះរាជហឫទ័យដ៏ថ្លៃថ្លាប្រោសព្រះរាជទាន ចំពោះកាកបាទក្រហមកម្ពុជា។
ខ្ញុំម្ចាស់ សូមលំឱនកាយសម្តែងនូវអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ហើយខ្ញុំម្ចាស់ សូមព្រះបរម រាជានុញ្ញាតប្រើប្រាស់ព្រះរាជូបត្ថម្ភដ៏ឧត្ដុង្គឧត្តមខាងលើនេះ ជាប្រយោជន៍សម្រាប់ចែកជូនប្រជារាស្ត្រជាជនភៀសសឹក ដែលកំពុងត្រូវការឱ្យជួយ។ ព្រះរាជគុណូបការៈដ៏ថ្លៃថ្លា របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ តែងតែប្រោសព្រះរាជទាននូវភាពកក់ក្ដៅដល់ខ្ញុំម្ចាស់ និងសហការី នៃកាកបាទក្រហមកម្ពុជា ដើម្បីបម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។
“ខ្ញុំម្ចាស់ សូមលើកហត្ថប្រណម្យឧទ្ទិសបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិ នានាក្នុងលោក និងដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សូមជួយអភិបាលប្រោះព្រំ គ្រងរក្សា សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូម ព្រះអង្គមានព្រះបរមសុខគ្រប់ប្រការ ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជារាស្ត្រគ្រប់ៗរូប នៅទូទាំងព្រះរាជាណាចក្រកម្ពុជាតរៀងទៅ”។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទូលថ្វាយថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ៕