កាណាដាកំពុងសាងសង់អគារខុនដូខ្ពស់ជាងគេបំផុតក្នុងប្រទេសរបស់ខ្លួន ស្របពេលដង់សុីតេប្រជាជនកើនឡើង

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Pinnacle International កំពុងសាងសង់អគារខុនដូកប់ពពកមួយនៅទីក្រុង Toronto ក្នុងប្រទេសកាណាដា។ អគារនេះមានឈ្មោះថា “SkyTower”ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍“Pinnacle One Yonge”។

អគារខុនដូកប់ពពកនេះនឹងមានកំពស់៣៤៥ម៉ែត្រ ហើយវានឹងក្លាយជាអគារលំនៅដ្ឋានខ្ពស់ជាងគេបំផុតក្នុងប្រទេសកាណាដា នៅពេលការសាងសង់បញ្ចប់រួចរាល់។ ទោះជាយ៉ាងណា មនុស្សជាច្រើន ជាពិសេសអ្នកនៅក្នុងអគារខុនដូតាមបណ្តោយមាត់ទឹកនៅទីក្រុង Toronto បានបង្ហាញក្តីព្រួយបារម្ភអំពីកង្វះមធ្យោបាយធ្វើដំណើរ។

តួយ៉ាង គម្រោងស្ថាបនាបណ្តាញផ្លូវរថភ្លើង Waterfront East LRT តភ្ជាប់ពីស្ថានីយ Union ទៅកាន់តំបន់ Port Lands នៅមិនទាន់មានមូលនិធិសម្រាប់សាងសង់នៅឡើយ។

លោក Ben Hoff អ្នកជំនាញរៀបចំផែនការអភិវឌ្ឍន៍ទីក្រុង និងជាដៃគូសហការជាមួយក្រុមហ៊ុន Urban Strategies បានអះអាងថា “ការរស់នៅក្នុងអគារខ្ពស់កប់ពពកនៅទីក្រុង Toronto ជារឿងសមហេតុផល ព្រោះថា ដង់ស៊ីតេប្រជាជនក្នុងទីក្រុងមួយនេះកំពុងកើនឡើងជាលំដាប់”។

លោកបានបន្ថែមថា មនុស្សជាច្រើននឹងងាកមកដើរលេងកំសាន្ត ជិះកង់ ឬធ្វើដំណើរទៅកាន់ទីតាំងជិតៗ។ ការណ៍នេះនឹងអាចជួយកាត់បន្ថយសម្ពាធលើប្រព័ន្ធដឹកជញ្ជូនសាធារណៈ។

ប៉ុន្តែ ទោះជាយ៉ាងណា លោក Hoff បានព្រមានថា ជម្រើសនៃការសាងសង់អគារខ្ពស់ៗកប់ពពកពុំមែនជាដំណោះស្រាយល្អឥតខ្ចោះនោះទេ លុះត្រាតែហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុងមានស្ថានភាពល្អប្រសើរឡើង។

លោកបានគូសបញ្ជាក់ថា កំណើនដង់សុីតេប្រជាជននឹងដាក់សម្ពាធលើមជ្ឈមណ្ឌលសហគមន៍ សួនកម្សាន្ត និងបណ្ណាល័យជាដើម៕ប្រភព: Toronto Life៕

LEAVE A REPLY

Please enter your comment!
Please enter your name here