រដ្ឋមន្រ្តីដែនដីៈ ស្នើឲ្យយុវជនចូលរួមកសាងសហសម័យកម្ពុជា ជាមួយគ្នា

ចែករំលែក

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងថា ប្អូនៗទាំងអស់គ្នា ត្រូវចូលរួមកសាងសហសម័យកម្ពុជាជាមួយគ្នា ជាសម័យដែលសង្គមកម្ពុជាមានអរិយធម៌ វប្បធម៌ ទំនៀមទំលាប់ និងមានភាពជឿជាក់លើខ្លួនឯង។

លោកបានមានប្រសាសន៍នៅ ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភី អាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស សម្រាប់ឆ្នាំសិក្សា២០២៥ កាលពីថ្ងៃទី៦ សីហាដោយបានលើកឡើងទៀតថា “យើងត្រូវយកឱកាសនេះរៀនស្គាល់ពីគេ និងប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ចរបស់ពិភពលោក និងខ្លួនឯង ចេះទាញប្រយោជន៍ពីនោះ ដើម្បីកសាងខ្លួននិងគ្រួសារ និងអភិវឌ្ឍកម្ពុជាមាតុភូមិយើងឱ្យកាន់តែរីកចម្រើន ពិសេសក្នុងកាលៈទេសៈដ៏លំបាកដែលកម្ពុជាកំពុងជួបប្រទះនេះ ក៏ជាពេលវេលាល្អសម្រាប់ឱ្យយើងរៀនរស់ដោយខ្លួនឯង ឯករាជ្យម្ចាស់ការ និងកសាងខឿនសេដ្ឋកិច្ចជាតិកម្ពុជាឱ្យរឹងមាំ”។

លោកសាយ សំអាល់បានបញ្ជាក់ថា នេះក៏ត្រូវផ្តើមចេញពីប្អូនៗទាំងអស់គ្នា ព្រោះមានតែយើងរឹងមាំដោយខ្លួនឯងទេ ទើបសង្គមជាតិរឹងមាំ។

លោកក៏បានក៏សូមចូលរួមអបអរសាទរ និងកោតសរសើរជាមួយលទ្ធផលកើតចេញពីការខិតខំប្រឹងប្រែង រៀនសូត្ររបស់ជ័យលាភីអាហារូបករណ៍ទាំងអស់ ព្រមទាំងលើកទឹកចិត្តឱ្យប្អូនៗ ជ័យលាភីគ្រប់ៗរូប បន្តយកចិត្តទុកដាក់ឱ្យបានកាន់តែច្រើនទៀត អំឡុងពេលបន្តការសិក្សានៅក្រៅប្រទេស។

ជាមួយគ្នានេះ សូមគូសបញ្ជាក់ពីសារសំខាន់ នៃការវិនិយោគលើធនធានមនុស្ស ហើយប្អូនៗគឺជាកោសិកាដ៏សំខាន់ សម្រាប់ការកសាងពូនជ្រំសង្គមជាតិកម្ពុជា ប្រកបដោយភាពរស់រវើក ស្របទៅតាមបំណ​ងដ៏ពិសិដ្ឋរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា៕


ចែករំលែក