ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សចំនួន២ កំពុងចរចាទិញដីឱ្យបានក្នុងតម្លៃទាបជាងទីផ្សារនៅទីក្រុងហុងកុង

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សចំនួន២ រួមមានក្រុមហ៊ុន New World Development និងក្រុមហ៊ុន China Resources Land កំពុងពិភាក្សាជាមួយរដ្ឋបាលទីក្រុងហុងកុងរបស់ប្រទេសចិន ក្នុងគោលបំណងទិញដីក្នុងតម្លៃទាបជាងទីផ្សារនៅតំបន់ Northern Metropolis ស្ថិតក្នុងសង្កាត់ Yuen Long។

យោងតាមកាសែត South China Morning Post បានរាយការណ៍ថា តំបន់ Northern Metropolis ជាគម្រោងអាទិភាពខ្នាតយក្សរបស់អាជ្ញាធរនៃតំបន់រដ្ឋបាលហុងកុង ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ទីក្រុងមួយនេះឱ្យមានភាពរីកចម្រើន។

ក្រុមហ៊ុន New World Development (NWD) និងក្រុមហ៊ុន China Resources Land កំពុងពិភាក្សាដើម្បីទិញដីនៅតំបន់នេះឱ្យបានក្នុងតម្លៃចន្លោះពី១.៥០០ដុល្លារហុងកុង ទៅ១.៦០០ដុល្លារហុងកុង ក្នុងមួយហ្វីតការ៉េ(ប្រហែល១៩១ដុល្លារទៅ២០៤ដុល្លារអាមេរិក)។

ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង បន្ទាប់ពីរដ្ឋបាលក្រុងហុងកុងបានប្រកាសគោលបំណងក្នុងការពន្លឿនការអភិវឌ្ឍន៍តំបន់ Northern Metropolis។ ទំហំដី ដែលក្រុមហ៊ុនទាំង២ខាងលើកំពុងចរចាតម្លៃ នឹងអាចបម្រុងទុកសម្រាប់សាងសង់លំនៅដ្ឋានបានចំនួន១.៨០០យូនីត។ ការសាងសង់គ្រោងនឹងចាប់ផ្តើមនៅឆ្នាំនេះ។

គម្រោងបណ្តាក់ទុនវិនិយោគរួមគ្នារវាងក្រុមហ៊ុន New World Development (NWD) និងក្រុមហ៊ុន China Resources Land ត្រូវបានប្រកាសជាលើកដំបូងកាលពីឆ្នាំ២០២៣ ក្រោមទំហំទុនវិនិយោគប្រមាណ១០ពាន់លានដុល្លារហុងកុង៕ប្រភពSCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here