ក្រុមហ៊ុន CMA CGM Groupបង្ហាញបំណងចង់ចូលរួមអភិវឌ្ឍន៍ វិស័យដឹកជញ្ជូន និងភស្តុភារកម្មនៅកម្ពុជា

ចែករំលែក

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប៉េង ពោធិ៍នា បានអនុញ្ញាតឱ្យលោកស្រី Amélie HUMPHREYS នាយកគ្រប់គ្រងនៃក្រុមហ៊ុនដឹកជញ្ជូនCMA CGM Group និងជាអនុប្រធានគណៈកម្មការដឹកជញ្ជូន និងភស្តុភារកម្មសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ។

គោលបំណងនៃជំនួបសម្តែងការគួរសមនេះ គឺធ្វើឡើងដើម្បីបង្ហាញអំពីចំណាប់អារម្មណ៍ ចែករំលែកគំនិតផ្តួចផ្តើមថ្មីៗ និងឧត្តមានុវត្តអន្តរជាតិរបស់CMA CGM Group ដែលបានកំពុងអនុវត្តនៅក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម ព្រមទាំងដើម្បីស្វែងរកកិច្ចសហការរវាងសាធារណៈ និងឯកជន សំដៅស្វែងរកឱកាសវិនិយោគក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រ។

នៅក្នុងជំនួបសម្តែងការគួរសមនេះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណលោកស្រី នាយកគ្រប់គ្រងនៃក្រុមហ៊ុនដឹកជញ្ជូន CMA CGM Group ដែលបានចែករំលែកនូវឧត្តមានុវត្តរបស់ក្រុមហ៊ុនក្នុង   វិស័យដឹកជញ្ជូន និងភស្តុភារកម្ម។

លោករដ្ឋមន្រ្តីក៏បានស្នើឱ្យ លោកស្រីនាយកគ្រប់គ្រង បន្តការសហការជាមួយក្រុម ការងារបច្ចេកទេសរបស់ក្រសួង ដើម្បីសិក្សាស្វែងយល់អំពីតម្រូវការទីផ្សារ ក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម សំដៅរួមចំណែកលើកកម្ពស់ ការអភិវឌ្ឍវិស័យដឹកជញ្ជូន និងភស្តុភារកម្មប្រកបដោយនិរន្តរភាព និងការបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាលើវិស័យភស្តុភារកម្មក្នុងតំបន់ ឱ្យស្របតាមទិសដៅគោលនយោបាយ និងផែនការមេនានារបស់រដ្ឋាភិបាលកម្ពុជា ប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០៕


ចែករំលែក