ដោយ: គង់ លាងហួរ
អន្តរជាតិ: គម្រោងសាងសង់រដ្ឋធានីថ្មី Nusantara លើកោះ Borneo របស់ប្រទេសឥណ្ឌូនេសុីហាក់ពុំមែនជាអាទិភាពបន្ទាន់របស់រដ្ឋាភិបាលក្រោមការដឹកនាំរបស់ប្រធានាធិបតីឥណ្ឌូនេសុីបច្ចុប្បន្នលោក Prabowo Subianto នោះទេ។
លោក Siti Zuhro អ្នកជំនាញនយោបាយនៅទីភ្នាក់ងារស្រាវជ្រាវ និងនវានុវត្តន៍ឥណ្ឌូនេស៊ី (BRIN) បានអះអាងថា វិធីសាស្រ្តរបស់លោក Prabowo មានភាពខុសប្លែកពីអតីតប្រធានាធិបតីឥណ្ឌូនេសុីលោក Joko widodo។
លោក Joko widodo ជឿជាក់ថា ការអភិវឌ្ឍន៍សេដ្ឋកិច្ចអាចសម្រេចទៅបាន តាមរយៈការបណ្តាក់ទុនវិនិយោគលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗ។នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNA។
ផ្ទុយទៅវិញ លោក Prabowo មានចក្ខុវិស័យក្នុងការកសាងភាពធន់ផ្នែកសេដ្ឋកិច្ចចាប់តាំងពីថ្នាក់មូលដ្ឋាន ដូចជា ការបង្កើតសហករណ៍ភូមិ និងគំនិតផ្តួចផ្តើមកាត់បន្ថយភាពក្រីក្រ តាមរយៈកម្មវិធីផ្តល់អាហារឥតគិតថ្លៃនៅតាមសាលារៀន។
ផែនការរបស់លោក Prabowo ក្នុងការអភិវឌ្ឍន៍សហករណ៍ចំនួន៨០.០០០កន្លែងនៅគ្រប់តំបន់ជនបទទូទាំងប្រទេសឥណ្ឌូនេស៊ីត្រូវការទុនវិនិយោគ២៥ពាន់លានដុល្លារអាមេរិក ខណៈគំនិតផ្តួចផ្តើមផ្តល់អាហារដោយឥតគិតថ្លៃនៅតាមសាលារៀនត្រូវបានគេរំពឹងថា នឹងចំណាយទុនវិនិយោគចំនួន៧ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។
កម្មវិធីអាទិភាពផ្សេងទៀតរបស់លោក Prabowo រួមមានការពិនិត្យសុខភាពដោយឥតគិតថ្លៃ ការលើកលែងថ្លៃសាលា ថ្លៃអាហារ និងថ្លៃស្នាក់នៅសម្រាប់សិស្សមកពីគ្រួសារមានប្រាក់ចំណូលទាប និងការសាងសង់ផ្ទះមានតម្លៃសមរម្យឱ្យបានចំនួន១លានយូនីតក្នុងមួយឆ្នាំ។
រដ្ឋាភិបាលឥណ្ឌូនេសុីនាពេលបច្ចុប្បន្នរបស់លោក Prabowo មានបំណងផ្តល់អាទិភាពដល់កម្មវិធីគោលនយោបាយថ្មីរបស់ខ្លួន ដែលត្រូវការទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ ខណៈគម្រោងនានារបស់រដ្ឋាភិបាលពីមុនត្រូវបានទុកមួយឡែក។
រដ្ឋបាលរបស់អតីតប្រធានាធិបតីឥណ្ឌូនេសុីលោក Joko widodo បានបោះទុនវិនិយោគចំនួន៨៩ទ្រីលានរូពៀ (ប្រមាណ៥,៥ពាន់លានដុល្លារ)ក្នុងការអភិវឌ្ឍន៍រដ្ឋធានី Nusantara នៅចន្លោះឆ្នាំ២០២២ និងឆ្នាំ២០២៤។
ចំណែក រដ្ឋបាលលោក Prabowo បានប្តេជ្ញាបោះទុនវិនិយោគលើគម្រោងរដ្ឋធានីថ្មីនេះក្នុងទំហំទឹកប្រាក់ត្រឹមតែ៤៨,៨ទ្រីលានរូពៀប៉ុណ្ណោះនៅចន្លោះឆ្នាំ២០២៥ និងឆ្នាំ២០២៩ខាងមុខ៕ប្រភព: CNA៕