ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត South China Morning Post បានរាយការណ៍ថា បណ្តាអ្នកទិញផ្ទះនៅតាមទីក្រុងធំៗរបស់ប្រទេសចិនមិនបង្ហាញសុទិដ្ឋិនិយមចំពោះការបន្ធូរបន្ថយគោលនយោបាយថ្មីរបស់អាជ្ញាធរចិននោះទេ ខណៈពួកគេរំពឹងថា តម្លៃផ្ទះអាចនឹងបន្តធ្លាក់ចុះបន្ថែមទៀត។
ជាមួយគ្នានេះ ក្រុមអ្នកវិភាគ និងក្រុមអ្នកទិញមួយចំនួនបានព្រមានថា ការថយចុះនូវទំនុកចិត្តអាចនឹងកាត់បន្ថយប្រសិទ្ធភាពវិធានការនានា ដែលបានដាក់ចេញក្នុងគោលបំណងស្តារទីផ្សារអចលនទ្រព្យឱ្យស្ទុះងើបឡើងវិញ។
លោក Qiu Lixiao បុគ្គលិកភ្នាក់ងារអចលនទ្រព្យនៅក្រុមហ៊ុន Pacific Rehouse ក្នុងទីក្រុងសៀងហៃ បានលើកឡើងថា “ក្រុមអ្នកទិញរំពឹងថា តម្លៃផ្ទះនឹងបន្តធ្លាក់ចុះ។ ហេតុដូច្នេះ ទីផ្សារកំពុងស្ថិតក្នុងស្ថានភាពដុនដាបចុះយ៉ាងខ្លាំង”។
លោក Qiu បានបន្ថែមថា ការដាក់ចេញវិធានការ និងកិច្ចខិតខំប្រឹងប្រែងនានាដើម្បីជំរុញការលក់ផ្ទះថ្មី និងផ្ទះប្រភេទទី២(Second-hand) មិនមានប្រសិទ្ធភាពនោះទេ។នេះបើយោងតាមការដកស្រង់សម្តីចុះផ្សាយដោយកាសែត South China Morning Post។
លោកបានបន្តថា ទីភ្នាក់ងាររបស់លោកមិនសូវទទួលបានការសាកសួរព័ត៌មានពីអតិថិជនទេ ចាប់តាំងពីរដ្ឋបាលក្រុងប៉េកាំងបានលុបចោលការរឹតបន្តឹងការទិញផ្ទះក្នុងតំបន់ជាយរដ្ឋធានីប៉េកាំង។
កាលពីថ្ងៃទី៨ ខែសីហា សាលាក្រុងប៉េកាំងបានប្រកាសថា ខ្លួននឹងអនុញ្ញាតឱ្យប្រជាជនអាចទិញផ្ទះថ្មី និងផ្ទះប្រភេទទី២ នៅខាងក្រៅផ្លូវក្រវ៉ាត់ក្រុងទី៥ ដែលហ៊ុមព័ទ្ធជុំវិញតំបន់ជាយក្រុងប៉េកាំង។
ការលុបចោលការរឹតបន្តឹងនេះត្រូវបានគេវាយតម្លៃថា ជាការបោះជំហានយ៉ាងធំរបស់រដ្ឋបាលមូលដ្ឋានរបស់ប្រទេសចិនក្នុងគោលដៅស្រោចស្រង់ទីផ្សារអចលនទ្រព្យ។ជាមួយគ្នានោះ ទីក្រុងសៀងហៃត្រូវបានរំពឹងថា នឹងចាត់វិធានការស្រដៀងគ្នានេះ៕ប្រភព: SCMP៕