ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានថ្លែងថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជាមានកំនើនល្អប្រសើរ ក្នុងរយៈពេល៧ខែនៃឆ្នាំ២០២៥នេះ។
លោកជំទាវបានថ្លែងបែបនេះ ក្នុងពេលអនុញ្ញាតឱ្យក្រុមបេសកកម្មមាត្រាទីIV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក Kenichiro Kashiwase ប្រធានបេសកកម្មរបស់IMF សម្រាប់កម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបជូនអំពីគោលបំណងនៃបេសកកម្មប្រចាំឆ្នាំ២០២៥ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។
-->
ក្នុងជំនួបនេះ លោកជំទាវ បានជម្រាបជូនពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ដោយរំលេចពីការសម្រេចបានកំណើនល្អ ក្នុងរយៈពេល៧ខែដំបូង ឆ្នាំ២០២៥ និងបានគូសបញ្ជាក់ពីការរក្សា បានស្ថិរភាពអត្រាប្តូរប្រាក់ល្អប្រសើរ និងកម្រិតទាបនៃអត្រាអតិផរណា។
បន្ថែមលើនេះ លោកជំទាវក៏បានលើកឡើង ពីការទទួលបានការកាត់បន្ថយអត្រាពន្ធគយបដិការមកត្រឹម១៩% លើទំនិញនាំចេញទៅសហរដ្ឋអាមេរិក ដែលនឹងបន្តរួមចំណែករក្សា ភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងការទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀត។

ទន្ទឹមនេះ លោកជំទាវក៏បានមានប្រសាសន៍ ពីបញ្ហាប្រឈមចម្បងៗ ជាពិសេសបញ្ហាជម្លោះព្រំដែន ដោយបានរំលេចពីអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការរក្សាសន្តិភាព និងការដោះស្រាយបញ្ហាដោយសន្តិវិធី។ លើសពីនេះ លោកជំទាវក៏បានបញ្ជាក់ពីស្នាដៃការងារសំខាន់ៗរបស់រាជរដ្ឋាភិបាល ដែលរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទោះបីជាប្រឈមនឹងបញ្ហា និងភាពមិនច្បាស់លាស់មួយចំនួនក្តី។
នាឱកាសនេះដែរ លោក Kenichiro បានជម្រាបជូនលោកជំទាវ ពីគោលបំណងរបស់ក្រុមការងារ ដែលមកបំពេញបេសកកម្ម ដើម្បីសិក្សា និងវាយតម្លៃលើស្ថានភាពសេដ្ឋកិច្ច សំដៅលើកឡើងនូវអនុសាសន៍គោលនយោបាយសេដ្ឋកិច្ចចម្បងៗ សម្រាប់គាំទ្រការងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា និងការរក្សាស្ថិរភាពហិរញ្ញវត្ថុ។ ក្រុមបេសកកម្មនេះ នឹងបន្តជួបក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ។
បន្ទាប់ពីបានជួបសម្តែងការគួរសម ជាមួយលោកជំទាវ ក្រុមបេសកកម្ម ក៏បានជួបពិភាក្សាថ្នាក់បច្ចេកទេស ជាមួយថ្នាក់ដឹកនាំ ធនាគារជាតិនៃកម្ពុជា ទៅលើស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាបញ្ហាប្រឈមនានាផងដែរ៕

