ការសិក្សាថ្មី: តើតម្លៃលំនៅដ្ឋាននៅតាមបណ្តាទីក្រុងធំៗចំនួន៧ ក្នុងតំបន់អាសុីមានទំហំទឹកប្រាក់ចំនួនប៉ុន្មាន?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills បានរាយការណ៍ថា តម្លៃលំនៅដ្ឋានលំដាប់ខ្ពស់ក្នុងបណ្តាទីក្រុងនានាក្នុងតំបន់អាសុីបានជួបប្រទះនឹងការប្រែប្រួលក្នុងឆមាសទី១ ឆ្នាំ២០២៥។ ជាមួយគ្នានេះ ក្រុមហ៊ុន Savills បានបង្ហាញការព្យាករណ៍សម្រាប់ឆមាសទី២។

ជាក់ស្តែង ក្នុងរយៈពេល៦ខែដំបូងដើមឆ្នាំ២០២៥នេះ តម្លៃផ្ទះលំដាប់ខ្ពស់នៅទីក្រុងគូឡាឡាំពួរនៃប្រទេសម៉ាឡេសុីបានកើនឡើង០,៦ភាគរយដល់ទំហំទឹកប្រាក់ចំនួន២៤០ដុល្លារអាមេរិកក្នុងមួយហ្វីតការ៉េ។

នៅឆមាសទី២ ឆ្នាំ២០២៥ តម្លៃផ្ទះលំដាប់ខ្ពស់នៅក្នុងទីក្រុងគូឡាឡាំពួរត្រូវបានគេរំពឹងថា នឹងកើនឡើងចន្លោះពី០ភាគរយទៅ១,៩ភាគរយ។

ចំណែក តម្លៃផ្ទះលំដាប់ខ្ពស់នៅទីក្រុងសុីដនី នៃប្រទេសអូស្ត្រាលីសម្រេចបានអត្រាកំណើនក្នុងរង្វង់១,៨ភាគរយដល់ទំហំទឹកប្រាក់ចំនួន២.០០០ដុល្លារក្នុងមួយហ្វីតការ៉េនៅឆមាសទី១ និងត្រូវបានគេរំពឹងថា នឹងកើនឡើងចន្លោះពី៤ភាគរយទៅ៥,៩ភាគរយក្នុងឆមាសទី២។

ស្របពេលជាមួយគ្នានេះ តម្លៃផ្ទះលំដាប់ខ្ពស់នៅទីក្រុងបុមបៃ នៃប្រទេសឥណ្ឌាសម្រេចបានអត្រាកំណើនក្នុងរង្វង់០,៤ភាគរយដល់ទំហំទឹកប្រាក់ចំនួន១.២០០ដុល្លារក្នុងមួយហ្វីតការ៉េនៅឆមាសទី១ និងត្រូវបានគេរំពឹងថា នឹងកើនឡើងចន្លោះពី២ភាគរយទៅ៣,៩ភាគរយក្នុងឆមាសទី២។

តម្លៃផ្ទះលំដាប់ខ្ពស់នៅក្នងទីក្រុងសិង្ហបុរីសម្រេចបានអត្រាកំណើនក្នុងរង្វង់០,២ភាគរយដល់ទំហំទឹកប្រាក់ចំនួន១.៨១០ដុល្លារក្នុងមួយហ្វីតការ៉េនៅឆមាសទី១ និងត្រូវបានគេរំពឹងថា នឹងកើនឡើងចន្លោះពី០ភាគរយទៅ១,៩ភាគរយក្នុងឆមាសទី២។

តម្លៃផ្ទះលំដាប់ខ្ពស់នៅទីក្រុងប៉េកាំងនៃប្រទេសចិនបានថយចុះក្នុងរង្វង់០,៥ភាគរយមកនៅត្រឹមទំហំទឹកប្រាក់ចំនួន១.៤៩០ដុល្លារក្នុងមួយហ្វីតការ៉េនៅឆមាសទី១ និងត្រូវបានគេរំពឹងថា នឹងស្ថិតនៅទ្រឹងក្នុងឆមាសទី២។

រីឯ តម្លៃផ្ទះលំដាប់ខ្ពស់នៅទីក្រុងសៀងហៃបានថយចុះក្នុងរង្វង់១,៥ភាគរយមកនៅត្រឹមទំហំទឹកប្រាក់ចំនួន១.៩៨០ដុល្លារក្នុងមួយហ្វីតការ៉េនៅឆមាសទី១ និងត្រូវបានគេរំពឹងថា នឹងកើនឡើងចន្លោះពី០ភាគរយទៅ១,៩ភាគរយក្នុងឆមាសទី២។

តម្លៃផ្ទះលំដាប់ខ្ពស់នៅទីក្រុងសុិនជិនបានថយចុះក្នុងរង្វង់១,៧ភាគរយមកនៅត្រឹមទំហំទឹកប្រាក់ចំនួន១.៤៤០ដុល្លារក្នុងមួយហ្វីតការ៉េនៅឆមាសទី១ និងត្រូវបានគេរំពឹងថា នឹងបន្តថយចុះ១,៩ភាគរយក្នុងឆមាសទី២៕ប្រភព: Savills៕

LEAVE A REPLY

Please enter your comment!
Please enter your name here