ដោយៈ គង់ ម៉ាណា
អន្តរជាតិៈ ក្រុមហ៊ុន Global Infrastructure Partners(GIP)បានក្លាយជាក្រុមហ៊ុនឈានមុខមួយនៅលើពិភពលោក ដោយសារការដឹកនាំ និងមហិច្ឆតារបស់ថ្នាក់ដឹកនាំក្រុមហ៊ុននេះ។
ក្រុមហ៊ុននេះបានវិនិយោគ អាកាសយានដ្ឋានធំមួយនៅប្រទេសអូស្រ្តាលី និងប្រទេសជាច្រើនទៀត ហើយវាបានក្លាយជាក្រុមហ៊ុនវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធ ឯករាជ្យឈានមុខគេមួយនៅលើពិភពលោក។
ក្រុមហ៊ុននេះមានឯកទេសក្នុងការវិនិយោគ កាន់កាប់ និងប្រតិបត្តិការទ្រព្យសកម្ម ហេដ្ឋារចនាសម្ព័ន្ធដ៏ធំ និងប្រទាក់ក្រឡានៅក្នុងវិស័យផ្សេងៗ។
បច្ចុប្បន្នGIP ផ្តោតការវិនិយោគលើប្រភេទទ្រព្យសកម្ម ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា៖ (១) ថាមពល រួមមាន ថាមពលកកើតឡើងវិញ, ការផលិត និងចែកចាយថាមពល, ហេដ្ឋារចនាសម្ព័ន្ធឧស្ម័ន និងប្រេង (២) វិស័យដឹកជញ្ជូន រួមមាន អាកាសយានដ្ឋាន, កំពង់ផែ, ផ្លូវដែក, និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្សេងទៀត (៣) ហេដ្ឋារចនាសម្ព័ន្ធឌីជីថល រួមមាន មជ្ឈមណ្ឌលទិន្នន័យ បណ្តាញខ្សែកាប Fiber Optic និងបង្គោលអង់តែនទូរស័ព្ទ, និង(៤) ការគ្រប់គ្រងកាកសំណល់ និងហេដ្ឋារចនាសម្ព័ន្ធទឹក។
ក្នុងឱកាសទស្សនកិច្ចក្រុមហ៊ុននេះ លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុលអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានផ្តល់ការណែនាំឱ្យក្រុមហ៊ុនGIP សម្លឹងមើលកាលានុវត្តភាពវិនិយោគនៅកម្ពុជា ជាពិសេសចូលរួមអនុវត្តន៍ គម្រោងក្រោមផែនការមេអភិវឌ្ឍន៍ឡូជីស្ទិក៕