ក្រសួងដែនដីចុះMOUសហការជាមួយក្រសួងសាធារណៈការ ទាក់ទងមន្ទីរពិសោធន៍

0

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណៈការ និងដឹកជញ្ជូនបានចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងមន្ទីរពិសោធន៍ជាតិសំណង់។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកសាយ សំអាល់ ឧបនា​យករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃក្រសួងទាំងពីរ។

ពិធីចុះអនុស្សរណៈនាពេលនេះ មានគោលបំណងលើកកម្ពស់កិច្ចសហការ ការផ្លាស់ប្ដូរបទពិសោធន៍ ចំណេះជំនាញបច្ចេកទេស និងលទ្ធផលស្រាវជ្រាវ ដែលនឹងជួយកសាងសមត្ថភាពមន្ត្រី និងអ្នកជំនាញរបស់យើង ដើម្បីធានាបាននូវគុណភាពនៃសម្ភារសំណង់ និងផលិតផលសំណង់ ដែលត្រូវប្រើប្រាស់ នៅក្នុងវិស័យសំណង់នៃក្រសួងទាំងពីរ។

ជាងនេះទៀត តាមរយៈកម្មវិធីបណ្តុះបណ្តាល សិក្ខាសាលា ការផ្លាស់ប្តូរទស្សនកិច្ច ការហ្វឹកហាត់ក្នុងមន្ទីរពិសោធន៍ និងការស្រាវជ្រាវរួមគ្នា អនុស្សរណៈនេះក៏នឹងជំរុញការផ្តល់សេវាកម្ម ដែលមានគុណភាព ប្រសិទ្ធភាព និងទាន់ពេលវេលា ស្របតាមបទដ្ឋានបច្ចេកទេសច្បាស់លាស់។

ថ្លែងទៅកាន់អង្គពិធី លោករដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានលើកឡើងថា តាងនាមក្រសួងសាធារណការ និងដឹកជញ្ជូន សូមយកឱកាសនេះថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានផ្តួចផ្តើមឱ្យមានកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋ ដែលមានមុខងារបច្ចេកទេសដូចគ្នាលើការងារពិសោធន៍ លើវិស័យជំនាញផ្សេងគ្នា រហូតឈានទៅរៀបចំអនុស្សរណៈ នៃការយោគយល់គ្នារវាង មន្ទីរពិសោធន៍ទាំងពីរនេះឡើង។

មន្ទីរពិសោធន៍សំណង់ និងសាធារណការ ដំបូងត្រូវបានបង្កើតឡើងដំបូងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៩៥ ក្រោមគម្រោងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋបារាំង។ រហូតមកដល់ឆ្នាំ១៩៩៦ គម្រោងជំនួយនេះត្រូវបានបញ្ចប់ មន្ទីរពិសោ​ធន៍សំណង់ និងសាធារណការ ក៏ត្រូវបានដាក់ឱ្យដំណើរការស្ថិតនៅក្រោមក្រសួងសាធារណការ និងដឹកជញ្ជូន និងដាក់ឱ្យចូលជាមន្ទីរពិ​សោ​ធន៍នេះ បានចូលជាសហគ្រាសសាធារណៈរបស់រដ្ឋឆ្នាំ១៩៩៧៕

LEAVE A REPLY

Please enter your comment!
Please enter your name here