តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃចន្ទនេះ ខណៈធនាគារកណ្តាលអាមេរិកអាចនឹងបញ្ចុះអត្រាការប្រាក់

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនាព្រឹកថ្ងៃចន្ទនេះ ស្របពេលក្រុមអ្នកវិនិយោគបង្ហាញសុទិដ្ឋិនិយមថា ធនាគារកណ្តាលអាមេរិក(Fed) នឹងកាត់បន្ថយអត្រាការប្រាក់ក្នុងខែកញ្ញា គួបផ្សំនឹងការធ្លាក់ថ្លៃចុះនូវប្រាក់ដុល្លារអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៤៦ភាគរយដល់៣៤៦២,៦៩ដុល្លារក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ប្រមាណ៣៤៤៦,៧៤ដុល្លារក្នុងមួយអោនកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ជាមួយគ្នានេះ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៣៣ភាគរយដល់៣៥២៧,៧ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:២៧នាទីព្រឹកដូចគ្នា។

យោងតាមគេហទំព័រ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៨៧,៦ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៧ ខែកញ្ញា។

ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម៩៧,៧៥ពិន្ទុនៅព្រឹកថ្ងៃចន្ទនេះ ក្រោយពេលបានបិទការជួញដូរត្រឹម៩៧,៧៧ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here