ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការសិក្សាដោយក្រុមហ៊ុនប្រឹក្សាហិរញ្ញវត្ថុសកល Arton Capital បានបង្ហាញថា ចំនួនមហាសេដ្ឋីអង់គ្លេសជាង៥០ភាគរយកំពុងពិចារណាចាកចេញពីប្រទេសអង់គ្លេស ប្រសិនបើពន្ធលើទ្រព្យសម្បត្តិត្រូវបានដាក់ឱ្យអនុវត្តន៍។
ក្រោយពេលត្រូវបានសាកសួរថា តើប្រទេសណា ដែលអ្នកចាប់អារម្មណ៍ខ្លាំងជាងគេក្នុងការផ្លាស់ទីលំនៅទៅកាន់ទីនោះ ការស្ទង់មតិបានរកឃើញថា សហរដ្ឋអាមេរិកឈរនៅលំដាប់លេខ១ តាមពីក្រោយដោយប្រទេសកាណាដានៅចំណាត់ថ្នាក់លេខ២ និងអូស្ត្រាលីស្ថិតនៅលំដាប់ទី៣។
ចំណែក ប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE) បានជាប់ចំណាត់ថ្នាក់លេខ៤ ខណៈរបៀបនៃការរស់នៅក្នុងទីក្រុងធំៗ ដូចជាទីក្រុងឌូបៃ មានភាពប្រណីត និងភាពទាក់ទាញចំពោះជនបរទេស។
លោក Armand Arton នាយកប្រតិបត្តិនៃក្រុមហ៊ុន Arton Capital បានអះអាងថា “មហាសេដ្ឋីអង់គ្លេសជាច្រើនកំពុងបង្ហាញអារម្មណ៍មិនសប្បាយចិត្តកាន់តែខ្លាំងឡើងចំពោះទិសដៅគោលនយោបាយ ដែលរដ្ឋាភិបាលអង់គ្លេសកំពុងអនុវត្តន៍”។
រដ្ឋាភិបាលរបស់ប្រទេសអង់គ្លេសត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើការដាក់ចេញពន្ធថ្មីលើទ្រព្យសម្បត្តិរបស់បុគ្គលដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភក្នុងគោលបំណងបង្កើនប្រាក់ចំណូលសាធារណៈ។
កាលពីដើមខែសីហា កាសែត Financial Times បានរាយការណ៍ថា ថ្នាក់ដឹកនាំរបស់បណ្តាក្រុមហ៊ុនអង់គ្លេសមួយចំនួនកំពុងផ្លាស់ប្តូរទីលំនៅទៅកាន់ប្រទេស UAE ដើម្បីបញ្ចៀសការបង់ពន្ធខ្ពស់នៅតំបន់អឺរ៉ុប។
របាយការណ៍បានកត់សម្គាល់ថា នាយកក្រុមហ៊ុនចំនួន៣.៧៩០នាក់(Company directors) បានប្រកាសថា ពួកគេបានចាកចេញពីប្រទេសអង់គ្លេស ដោយជ្រើសរើសប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE) ជាគោលដៅកំពូលមួយ៕ប្រភព: Khaleej Times៕