ដោយៈ គង់ សូរិយា
ភ្នំពេញៈ តោះរាប់ថយក្រោយ! អាកាសយានដ្ឋានអន្តរជាតិតេជោដ៏ល្បីរន្ទឺ បាននិងកំពុងត្រៀមខ្លួនស្វាគមន៍ភ្ញៀវទេសចរ និងធុរជនជាតិនិងអន្តរជាតិ ពីគ្រប់ទិសទីនៅលើពិភពលោក។
ប្រតិភូរាជរដ្ឋាភិបាល ពីបណ្តាក្រសួងមួយចំនួនបានអញ្ជើញទស្សនាព្រលានយន្តហោះលំដាប់4Fនេះ។
ជាក់ស្តែងកាលពីរសៀលថ្ងៃទី២ ខែកញ្ញាឆ្នាំ២០២៥ លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមនឹងសិល្បករសិល្បការិនី នៃសមាគមសិល្បករកម្ពុជាប្រមាណ១០០នាក់ អញ្ជើញធ្វើដំណើរទស្សនកិច្ច និងសិក្សាស្វែងយល់ពីដំណើរការ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលត្រៀមខ្លួនរួចរាល់ក្នុងការទទួលជើងហោះហើរជាតិ និងអន្តរជាតិគ្រប់កម្រិត និង គ្រប់ប្រភេទពីគ្រប់ទិសទី នៅលើពិភពលោក មកកាន់ព្រះរាជាណាចក្រកម្ពុជា នាពេលឆាប់ៗខាងមុខ។
ក្នុងឱកាសនោះ លោកហាប់ ទូចបានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាស្នាដៃកូនខ្មែរ និងជាសមិទ្ធផលដ៏អស្ចារ្យក្រោមសម័យតេជោធិបតី។ នេះ គឺជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ដែលមានអាកាសយានដ្ឋានធំបំផុតលំដាប់អន្តរជាតិ។
អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ២០០០លានដុល្លារអាមេរិក នៅលើផ្ទៃដីទំហំ២៦០០ហិកតា ដែលអាចអនុញ្ញាត្តឲ្យយន្តហោះលំដាប់យក្សចុះចតបាន និងមានបទដ្ឋានអន្តរជាតិ។ ព្រលានយន្តហោះនេះ អាចទទួលអ្នកដំណើរបាន១៣លាននាក់ក្នុងមួយឆ្នាំ៕