ផ្លូវជាតិលេខ៣១មានសក្តានុពលបែបណា និងតភ្ជាប់ពីតំបន់ណា ទៅតំបន់ណា?

0

ដោយៈ និរតី

    កំពតៈ ផ្លូវជាតិលេខ៣១ (បែកគុស-កំពង់ត្រាច) គឺជាផ្លូវសេដ្ឋកិច្ចដ៏មានសក្តានុពល តភ្ជាប់ពីផ្លូវជាតិលេខ៣ ទៅកាន់ផ្លូវជាតិលេខ៣៣ ត្រង់ចំណុចប្រសព្វនៃស្រុកកំពង់ត្រាច និងតភ្ជាប់ទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម (ព្រែកចាក)។

ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា ផ្លូវនេះដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងបម្រើដល់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ និងកសិផល ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។

ផ្លូវជាតិមួយខ្សែរនេះ ផ្តល់អត្ថប្រយោជន៍ យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនគ្រប់ប្រភេទ ដែលបាននឹងកំពុងប្រែក្លាយតំបន់ឆ្នេរ ឱ្យក្លាយទៅជាតំបន់ ដែលមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អប្រសើរនិងប្រទាក់ក្រឡាគ្នា ដើម្បីរួមចំណែកនៅក្នុងការជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម ការវិនិយោគ និងទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។

ក្រសួងបានឲ្យដឹងទៀតថា ផ្លូវជាតិលេខ៣១ មានប្រវែងសរុបចំនួន ៥៣,៥៣ គីឡូម៉ែត្រមានចំណុចចាប់ផ្ដើមពីបែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) ត្រូវបានស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC មានកម្រាស់៧សង់ទីម៉ែត្រ និងទទឹង១១ម៉ែត្រ និងបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥៕

LEAVE A REPLY

Please enter your comment!
Please enter your name here