(ភ្នំពេញ)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund – IMF) បានព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ឆ្នាំ២០២៥នេះថាសម្រេចបានក្នុងរង្វង់ ៤.៨ភាគរយ ដែលការព្យាករនេះទាបជាងការព្យាករពាក់កណ្តាលឆ្នាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលអាចនឹងសម្រេចបានក្នុងអត្រា ៥ភាគរយ។
ការបង្ហាញពីការព្យាករកំណើនសេដ្ឋកិច្ចរបស់ IMF នេះធ្វើឡើងក្នុងឱកាសអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំ (Wrap-up Meeting) ដើម្បីបូកសរុប «លទ្ធផលនៃការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ-សាធារណៈនៃកម្ពុជាសម្រាប់ឆ្នាំ ២០២៥» ជាមួយក្រុមជំនាញការបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund – IMF) ដឹកនាំដោយលោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្ម
នារសៀលថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា លោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្ម បានជម្រាបជូនពីលទ្ធផលនៃការវាយតម្លៃ លើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាថា, កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ២០២៥ ត្រូវបានព្យាករនឹងសម្រេចបានក្នុងរង្វង់ ៤,៨% ដែលឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពមិនប្រាកដប្រជាខ្ពស់ នៃស្ថានភាពពាណិជ្ជកម្មសកល, ការអនុវត្តអត្រាពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក ស្របពេលដែលមានស្ថានភាពតានតឹង នៅតាមបណ្ដោយព្រំដែនគោកកម្ពុជា-ថៃ ។
យ៉ាងណាមិញ, ផ្អែកតាមការវាយតម្លៃរបស់ជំនាញការមូលនិធិរូបិយវត្ថុអន្តរជាតិ, បើទោះបីជាទស្សនវិស័យសេដ្ឋកិច្ចកម្ពុជានៅបន្តរក្សានូវភាពធន់ និងរក្សាចលនការកំណើនក្នុងឆ្នាំ ២០២៥ និងរយៈពេលមធ្យមខាងមុខ, កម្ពុជានៅបន្តប្រឈមនឹងហានិភ័យចម្បងមួយចំនួន រួមមាន៖ ១)-ការបន្តកំណើនយឺតនៃសេដ្ឋកិច្ចសកល, ២)-ការថមថយនៃហិរញ្ញប្បទានដែលមានកម្រិតសម្បទានខ្ពស់, ៣)-ភាពតានតឹងនៃជម្លោះព្រំដែនគោកកម្ពុជា-ថៃ ដែលប៉ះពាល់ដល់ចរន្តពាណិជ្ជកម្ម, និង ៤)-ការកើនឡើងនៃសម្ពាធបំណុលក្នុងវិស័យហិរញ្ញវត្ថុជាដើម ។
ជាមួយគ្នា, លោកប្រធានក្រុមបេសកកម្ម បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជានឹងបន្តចលនការក្នុងគន្លងនៃកំណើនរឹងមាំ សម្រាប់រយៈពេលមធ្យមខាងមុខ ប៉ុន្តែគឺចាំបាច់ត្រូវជំរុញការអនុវត្តការងារកែទម្រង់ និងគោលនយោបាយមុតស្រួច ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ ក្នុងនោះ, ការកៀរគរចំណូលនៅតែបន្តជាអាទិភាព ក្នុងការបង្កើនឡើងវិញនូវទ្រនាប់ថវិកាជាតិ ស្របពេលដែលរាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការដាក់ចេញនូវវិធានការអន្តរាគមន៍ចំពោះមុខ និងការបន្តលើកកម្ពស់ផលិតភាព និងសមត្ថភាពពលកម្ម, ការបង្កើនភាពប្រកួតប្រជែង, ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច តាមរយៈការដាក់ចេញនូវគោលនយោបាយចម្រុះ (mixed policy) រវាងគោលនយោបាយសារពើពន្ធ, គោលនយោបាយរូបិយវត្ថុ, និងការកែទម្រង់ជារចនាសម្ព័ន្ធ។
ជាមួយនឹងការថ្លែងអំណរគុណ និងការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការវាយតម្លៃរបស់ក្រុមជំនាញការបេសកកម្ម Article IV, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានធ្វើការកត់សម្គាល់ពីសង្គតិភាពនៃនិន្នាការកំណើន (growth trend) និងការវាយតម្លៃកំណើនតាមវិស័យសំខាន់ៗក្នុងឆ្នាំ ២០២៥ បើទោះជាទំហំ (magnitude) និងការរំពឹងទុកសម្រាប់រយៈពេលខាងមុខនៅមានភាពខុសគ្នាបន្តិចបន្តួចក៏ដោយ។
ទន្ទឹមនេះ, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបាន និងកំពុងគិតគូរដាក់ចេញនូវវិធានការអន្តរាគមន៍ជាកញ្ចប់ ឱ្យចំគោលដៅ និងទាន់ពេលវេលាជាបន្តបន្ទាប់ ពិសេសដល់ក្រុមគ្រួសាររងគ្រោះដោយសារបញ្ហាជម្លោះតាមព្រំដែនគោកកម្ពុជា-ថៃ និងបងប្អូនពលករដែលវិលត្រឡប់មកមាតុភូមិវិញ ព្រមទាំងបន្តដោះស្រាយនូវបញ្ហាជារចនាសម្ព័ន្ធដូចជាការបង្កើនផលិតភាព, ការលើកកម្ពស់សមត្ថភាពពលកម្ម, ការពង្រឹងអភិបាលកិច្ច, ការបង្កើនបរិយាកាសទាក់ទាញវិនិយោគ, និងការធ្វើពិពិធកម្មទីផ្សារនាំចេញ សំដៅប្រែក្លាយបញ្ហាប្រឈមដែលកម្ពុជាកំពុងជួបប្រទះទៅជាកាលានុវត្តភាពក្នុងការជំរុញកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ជាថ្មីម្ដងទៀត ចំពោះក្រុមជំនាញការបេសកកម្មនៃមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបានផ្ដល់នូវអនុសាសន៍ល្អៗ សម្រាប់កម្ពុជាក្នុងការបន្តដំណើរលើមាគ៌ានៃកំណើនប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាព ក្នុងរយៈពេលមធ្យម និងរយៈពេលវែង៕