ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Bloomberg បានរាយការណ៍ថា ការលក់លំនៅដ្ឋាននៅប្រទេសចិនបានបន្តដាំក្បាលចុះកាលពីខែសីហា បើទោះបីជាតម្លៃផ្ទះបានធ្លាក់ចុះថោកយ៉ាងណាក្តី ខណៈវិធានការមួយចំនួនរបស់អាជ្ញាធរចិនហាក់ពុំមានប្រសិទ្ធភាពគ្រប់គ្រាន់។
ទំហំទឹកប្រាក់សរុប ដែលទទួលបានពីការលក់ផ្ទះថ្មីរបស់បណ្តាក្រុមហ៊ុនអចលនទ្រព្យចិនធំៗចំនួន១០០ សម្រេចបានចំនួន២០៧ពាន់លានយ័ន។ ទំហំទឹកប្រាក់នេះបង្ហាញពីការដាំក្បាលចុះ១៧,៦ភាគរយបើធៀបនឹងឆ្នាំមុន បន្ទាប់ពីបានដាំក្បាលចុះ២៤ភាគរយនៅខែកក្កដា។
គិតត្រឹមខែសីហា ឆ្នាំ២០២៥ ការលក់លំនៅដ្ឋាននៅក្នុងប្រទេសចិនបានដាំក្បាលចុះក្នុងរយៈពេល៦ខែជាប់ៗគ្នា។
វិបត្តិលំនៅដ្ឋានរបស់ប្រទេសចិនបានអូសបន្លាយអស់រយៈពេលជាង៤ឆ្នាំមកហើយ។ ការធ្លាក់ចុះនៃតម្លៃផ្ទះក៏ជាសញ្ញាមួយ ដែលបង្ហាញថា វិធានការជំរុញសេដ្ឋកិច្ចកាលពីឆ្នាំមុនកំពុងបាត់បង់ប្រសិទ្ធភាព ដោយបង្កឱ្យមានការព្រួយបារម្ភអំពីបញ្ហាបរិត្តផរណា។
ជាមួយគ្នានេះ ក្រុមអ្នកជំនាញបានអំពាវនាវឱ្យមានការដាក់ចេញវិធានការគាំទ្រគោលនយោបាយបន្ថែមទៀតដើម្បីស្តារទីផ្សារលំនៅដ្ឋាន។ កាលពីខែសីហា អាជ្ញាធររបស់រដ្ឋធានីប៉េកាំង និងទីក្រុងសៀងហៃ បានបន្ធូរបន្ថយច្បាប់ទិញផ្ទះ។
កាសែត The Securities Daily បានរាយការណ៍ ដោយដកស្រង់សម្តីរបស់អ្នកជំនាញមួយរូបថា វិធានការថ្មីអាចនឹងត្រូវបានដាក់ចេញបន្ថែមទៀតនៅដើមខែកញ្ញានេះ ខណៈអាជ្ញាធរចិនកំពុងរៀបចំពន្លឿនគម្រោងជួសជុលកែលម្អទីក្រុង៕ប្រភព: Bloomberg៕