ដោយ: គង់ លាងហួរ
អន្តរជាតិ: ការព្រួយបារម្ភចំពោះការផ្តល់កម្មសិទ្ធិអចលនទ្រព្យដល់ជនបរទេសបានកើនឡើងក្នុងប្រទេសកូរ៉េខាងត្បូង ស្របពេលមានការរឹតបន្តឹងបទប្បញ្ញត្តិផ្នែកអចលនទ្រព្យ ដែលធ្វើឱ្យប្រជាជនកូរ៉េជួបប្រទះការលំបាក។
ដើម្បីឆ្លើយតបនឹងបញ្ហានេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសដាក់ចេញបទប្បញ្ញត្តិថ្មីមួយ ដែលតម្រូវឱ្យជនបរទេសស្នើសុំការអនុម័តយល់ព្រមពីអាជ្ញាធរមូលដ្ឋាន មុនពេលទិញផ្ទះនៅក្នុងទីក្រុងសេអ៊ូល។
ហេតុអ្វីរដ្ឋាភិបាលកូរ៉េខាងត្បូងចាប់ផ្តើមរឹតបន្តឹងការទិញផ្ទះដោយជនបរទេស?។ ខាងក្រោមនេះជាមូលហេតុសំខាន់ៗ ដែលនាំឱ្យមានការរឹតបន្តឹង៖
ប្រជាជនកូរ៉េខាងត្បូងប្រឈមមុខនឹងបទប្បញ្ញត្តិដ៏តឹងរ៉ឹងលើការទិញផ្ទះក្រោមរដ្ឋបាលរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung ខណៈរដ្ឋាភិបាលមានគោលបំណងអូសទាញប្រជាជនរបស់ខ្លួនឱ្យងាកទៅបណ្តាក់ទុនវិនិយោគលើទីផ្សារភាគហ៊ុន។
ចំណែក ជនបរទេសបានសម្រុកទិញផ្ទះតម្លៃនៅទីក្រុងសេអ៊ូល ដែលបាននាំឱ្យតម្លៃផ្ទះហក់ឡើងយ៉ាងគំហុក និងជះផលប៉ះពាល់ដល់អ្នកទិញក្នុងស្រុក ដែលពុំមានលទ្ធភាពគ្រប់គ្រាន់ផ្នែកហិរញ្ញវត្ថុ។
ជាមួយគ្នានេះ ប្រជាជនកូរ៉េខាងត្បូងត្រូវបានរឹតបន្តឹង នៅពេលពួកគេទិញអចលនទ្រព្យក្នុងប្រទេសមួយចំនួន ដូចជា ប្រទេសចិន។ ពលរដ្ឋកូរ៉េខាងត្បូងមិនអាចទិញដីក្នុងប្រទេសចិនបានឡើយ។ ប៉ុន្តែ ពលរដ្ឋកូរ៉េអាចមានសិទ្ធិទិញផ្ទះនៅក្នុងប្រទេសចិន បន្ទាប់ពីពួកគេបានរស់នៅទីនោះក្នុងរយៈពេលជាង១ឆ្នាំ។
ការណ៍នេះបានជំរុញឱ្យមានការលើកឡើងនូវទស្សនៈមួយថា “ប្រសិនបើប្រទេសណាមួយរឹតបន្តឹងការទិញអចលនទ្រព្យដោយពលរដ្ឋកូរ៉េនៅក្នុងប្រទេសរបស់ពួកគេ ប្រទេសកូរ៉េខាងត្បូងគួរដាក់កម្រិតដូចគ្នាចំពោះពលរដ្ឋមកពីប្រទេសនោះ”។
ក្រៅពីនេះ ការផ្តល់កម្មសិទ្ធិអចលនទ្រព្យដល់ជនបរទេសបានបង្កឱ្យមានក្តីបារម្ភចំពោះសន្តិសុខជាតិនៅក្នុងប្រទេសកូរ៉េខាងត្បូង។ នៅក្រោមច្បាប់បច្ចុប្បន្ន ការទិញ-លក់ដីធ្លីនៅក្នុងតំបន់ហាមឃាត់មួយចំនួន ដូចជាដីនៅជិតមូលដ្ឋានយោធា ត្រូវស្នើសុំលិខិតអនុញ្ញាតពីអាជ្ញាធរជាមុនសិន៕ប្រភព: Korea JoongAng Daily៕