គម្រោងអគារកប់ពពកចំនួន៣ នឹងដណ្តើមតំណែងជាអគារខ្ពស់ជាងគេបំផុតនៅលើពិភពលោក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសអេមីរ៉ាត់អារ៉ាប់រួម(UAE)កំពុងព្យាយាមបំបែកកំណត់ត្រាស្ថាបត្យកម្មរបស់ពិភពលោក ដោយបានផ្តួចផ្តើមគម្រោងសាងសង់អគារខ្ពស់កប់ពពកចំនួន៣ ដែលនឹងវ៉ាដាច់អគារខ្ពស់ជាងគេលើពិភពលោកនាពេលបច្ចុប្បន្ន“Burj Khalifa”។

ទី១: គម្រោងអគារ Rise Tower កំពស់២.០០០ម៉ែត្រ

គម្រោងនេះត្រូវបានដាក់បង្ហាញកាលពីឆ្នាំ២០២៣ ក្នុងនាមជាផ្នែកមួយនៃគម្រោងផែនការមេ“North Pole”ដែលមានទីតាំងនៅជិតអាកាសយានដ្ឋានអន្តរជាតិ King Khalid។ អគារ Rise Tower នឹងក្លាយជាអច្ឆរិយៈវិស្វកម្ម ដែលមានកំពស់២គីឡូម៉ែត្រស្ថិតក្នុងរាជធានី Riyadh។

គម្រោងអគារ Rise Tower សរបង្ហាញឱ្យឃើញពីមហិច្ឆតារបស់អារ៉ាប៊ីសាអូឌីតក្នុងការបង្កើត“ទីក្រុងនៃអនាគត” និងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់មួយ។ គម្រោងនេះត្រូវបានគាំទ្រដោយមូលនិធិវិនិយោគសាធារណៈ (PIF) និងមានការចូលរួមដេញថ្លៃជាលក្ខណៈអន្តរជាតិពីបណ្តាក្រុមហ៊ុនម៉ៅការឈានមុខគេ។

កាសែត Middle East Business Intelligence (MEED) បានរាយការណ៍ថា គម្រោងអគារកំពស់២គីឡូម៉ែត្រនេះត្រូវបានគេប៉ាន់ប្រមាណថា នឹងចំណាយទុនវិនិយោគប្រហែល៥ពាន់លានដុល្លារអាមេរិក។យ៉ាងណាមិញ គិតមកទល់ពេលនេះ គម្រោងអគារ Rise Tower មិនទាន់ចាប់ផ្តើមការសាងសង់នៅឡើយទេ។

ទី២: គម្រោងអគារ Jeddah Tower

អគារ Jeddah Tower ឬអគារ Kingdom Tower កំពុងត្រូវបានសាងសង់នៅទីក្រុង Jeddah នៃប្រទេសអារ៉ាប៊ីសាអូឌីត ដែលនឹងក្លាយជាអគារខ្ពស់ជាងគេនៅលើពិភពលោក ដោយមានកំពស់ជាង១គីឡូម៉ែត្រ។

បន្ទាប់ពីពន្យារពេលចាប់តាំងពីឆ្នាំ២០១៨ ដោយសារបញ្ហាហិរញ្ញវត្ថុ និងភស្តុភារ ការសាងសង់បានបន្តដំណើរការឡើងវិញនៅខែមករា ឆ្នាំ២០២៥។ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៥ ការសាងសង់អគារនេះបានឈានឡើងដល់ជាន់ទី៧០ ដោយគ្រោងបញ្ចប់រួចរាល់នៅឆ្នាំ២០២៨។

ទី៣: គម្រោងអគារ Burj Azizi នៅទីក្រុងឌូបៃ

គម្រោងអគារ Burj Azizi នឹងក្លាយជាអគារខ្ពស់ជាងគេបំផុតមួយនៅលើពិភពលោក ដែលមានកំពស់ជិត១គីឡូម៉ែត្រ។ អគារនេះនឹងរួមមានលំនៅដ្ឋានប្រណីត និងសណ្ឋាគារលំដាប់ផ្កាយ៧(Seven-star) ព្រមទាំងមានក្លឹបរាត្រី។

អគារនេះមានទីតាំងស្ថិតនៅលើផ្លូវ Sheikh Zayed និងមានកំពស់១៣១ជាន់។ ការសាងសង់អគារ Burj Azizi បានចាប់ផ្តើមនៅឆ្នាំ២០២៣ ដោយរំពឹងថា នឹងបញ្ចប់រួចរាល់នៅចន្លោះឆ្នាំ២០២៧ និងឆ្នាំ២០២៨៕ប្រភព: Gulf News៕

LEAVE A REPLY

Please enter your comment!
Please enter your name here