ដោយៈ គង់ សូរិយា
ភ្នំពេញៈ វាជាផ្លូវជាតិមានប្រវែងវែងជាងគេនៅកម្ពុជា ដែលមានបណ្តោយជាង៤០០គីឡូម៉ែត្រ និងអូសបន្លាយលើរាជធានី ខេត្តចំនួន៦ ដែលបាននិងកំពុងស្ថាបនា និងស្តារក្រោមហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុន។
ផ្លូវជាតិលេខ៥នេះ ឆ្លងកាត់រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលជាផ្លូវហាយវេអាស៊ាន តភ្ជាប់រាជធានីភ្នំពេញ ទៅកាន់ទីក្រុងបាងកក និងតភ្ជាប់ជាមួយផ្លូវជាតិលេខ១ ទៅកាន់ទីក្រុងហូជីម៉ិញប្រទេសវៀតណាម។
ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបញ្ជាក់ថា ផ្លូវជាតិលេខ៥ ផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ក្នុងការបង្កើនការនាំចេញ-នាំចូល និងបម្រើវិស័យសេដ្ឋកិច្ចកម្ពុជា ពិសេសអាចកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើន។
លើសពីនេះទៅទៀត ផ្លូវនេះក៏បានជួយសម្រួល និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ តាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍។
ក្រសួងបន្តថា ផ្លូវជាតិលេខ៥ គឺជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ (AH1) ដែលតភ្ជាប់គ្នារវាងរាជធានីភ្នំពេញ ទីក្រុងបាងកក និងទីក្រុងហូជីមិញ និងជាខ្សែផ្លូវស្ថិតក្នុងរបៀងសេដ្ឋកិច្ចដ៏មានសក្តានុពល។ ផ្លូវជាតិនេះមានប្រវែងសរុប៤០៧,៤៥ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ៕