តម្រូវការ និងតម្លៃជួលការិយាល័យនៅសង្កាត់ Manhattan ក្នុងទីក្រុងញូវយ៉ក បានកើនឡើងព្រមគ្នាក្នុងខែសីហា

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការជួលការិយាល័យនៅសង្កាត់ Manhattan ក្នុងទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក បានហក់ឡើង២០ភាគរយដល់ទំហំ៣,៧លានហ្វីតការ៉េនៅខែសីហាបើធៀបនឹងខែកក្កដា។នេះបើយោងតាមរបាយការណ៍ថ្មីមួយពីក្រុមហ៊ុន Colliers។

ប្រសិនបើតម្រូវកា៛នៅតែបន្តហក់ឡើងក្នុងល្បឿនលឿនបែបនេះ នោះការជួលការិយាល័យសរុបប្រចាំឆ្នាំនៅសង្កាត់ Manhattan អាចនឹងមានទំហំសរុបលើសពី៤០លានហ្វីតការ៉េជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៩។

លោក Franklin Wallach នាយកទទួលបន្ទុកលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍អាជីវកម្មនៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers បានអះអាងថា “របាយការណ៍ខាងលើនេះជាសូចនាករបង្ហាញពីស្ថានភាពទីផ្សារដ៏រឹងមាំ បើគិតពីតម្រូវការ”។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Amazon បានជួលការិយាល័យជាង១លានហ្វីតការ៉េនៅសង្កាត់ Manhattan ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៤។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយសារព័ត៌មានអាមេរិក CNBC។

លោក Wallach បានលើកឡើងថា “ក្រុមហ៊ុនជាច្រើនក៏បានងាកទៅជួលអគារការិយាល័យប្រកបដោយគុណភាពខ្ពស់ផងដែរ។ អគារថ្មីៗ ដូចជា អគារ One Vanderbilt អគារ Hudson Yards អគារ Manhattan West នៅសេសសល់ទំហំការិយាល័យទំនេរតិចតួចណាស់”។

គិតត្រឹមចុងខែសីហា តម្លៃជួលការិយាល័យជាមធ្យមក្នុងសង្កាត់ Manhattan មានទំហំទឹកប្រាក់ចំនួន៧៤,៧៣ដុល្លារក្នុងមួយហ្វីតការ៉េ កើនឡើង១ភាគរយបើធៀបនឹងខែកក្កដា។

ទោះជាយ៉ាងណា បើប្រៀបធៀបនឹងខែមីនា ឆ្នាំ២០២០ តម្លៃជួលការិយាល័យនៅតែបន្តធ្លាក់ចុះក្នុងរង្វង់៦ភាគរយក្នុងខែសីហា ឆ្នាំ២០២៥៕ប្រភព: CNBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here