តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃចន្ទនេះ ខណៈទីផ្សារការងារនៅសហរដ្ឋអាមេរិកធ្លាក់ចុះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនាព្រឹកថ្ងៃចន្ទនេះ ខណៈអត្រាភាពគ្មានការងារធ្វើនៅសហរដ្ឋអាមេរិកបានកើនឡើងពី៤,២ភាគរយនៅខែកក្កដាដល់៤,៣ភាគរយនៅខែសីហា។ ទិន្នន័យនេះបង្ហាញថា ទីផ្សារការងារអាមេរិកធ្លាក់ចុះ ដែលនឹងជំរុញឱ្យធនាគារកណ្តាលអាមេរិកបញ្ចុះអត្រាការប្រាក់។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១៦ភាគរយដល់៣៥៩១,៩៣ដុល្លារក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ប្រមាណ៣៥៨៦,៣៥ដុល្លារក្នុងមួយអោនកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ទោះជាយ៉ាងណា តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៦២ភាគរយមកនៅត្រឹម៣៦៣០,៧ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:៣១នាទីព្រឹកដូចគ្នា។

យោងតាមគេហទំព័រ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៨៩,៨ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៧ ខែកញ្ញា។

ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់៩៧,៨៥ពិន្ទុនៅព្រឹកថ្ងៃចន្ទនេះ ក្រោយពេលបានបិទការជួញដូរត្រឹម៩៧,៧៦ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here