ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីក្រុងឆុងឈីង (Chongqing) របស់ប្រទេសចិន ដែលសម្បូរទៅដោយភ្នំ បានក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មតាមផ្លូវដែក និងត្រូវបានគេប្រៀបប្រដូចជាមួយព្រែកជីកស៊ុយអេ (Suez) ថ្មី ហើយនឹងក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនយ៉ាងសំខាន់ក្នុងតំបន់អាស៊ី។
កាសែត South China Morning Post ចុះផ្សាយថា ទីក្រុងឆុងឈីងបានក្លាយជាតំបន់យុទ្ធសាស្ត្រក្នុងបណ្តាញផ្លូវពាណិជ្ជកម្មរបស់ប្រទេសចិន។
បច្ចុប្បន្ន ទីក្រុងឆុងឈីងគ្រប់គ្រងការដឹកជញ្ជូនទំនិញកុងតឺន័ររាប់រយគ្រឿង ដោយតភ្ជាប់ការនាំចេញទំនិញរបស់បណ្តាប្រទេសអាស៊ាន ដូចជា វៀតណាម និងសិង្ហបុរីទៅកាន់បណ្តាប្រទេសនៅតំបន់អឺរ៉ុប រួមទាំងអាល្លឺម៉ង់ និងប៉ូឡូញ ដោយប្រើរថភ្លើងដឹកទំនិញល្បឿនលឿន។
ការដឹកជញ្ជូនតាមផ្លូវគោកចំណាយពេលវេលាតិចជាងផ្លូវសមុទ្រចន្លោះពី១០ថ្ងៃទៅ២០ថ្ងៃ និងជួយសម្រួលបញ្ហាគយបានយ៉ាងច្រើន។ បច្ចុប្បន្ន ការដឹកជញ្ជូនទំនិញរវាងទីក្រុងហាណូយ និងទីក្រុង Chongqing មានរយៈពេលត្រឹម៥ថ្ងៃប៉ុណ្ណោះ ហើយទំនិញនឹងត្រូវបានដឹកជញ្ជូនទៅដល់តំបន់អឺរ៉ុបក្នុងរយៈពេលតិចជាង២សប្តាហ៍។
ក្រៅពីទីតាំងយុទ្ធសាស្ត្រដ៏សំខាន់ ទីក្រុង Chongqing ក៏ជាមជ្ឈមណ្ឌលផលិតកម្មដ៏ធំមួយ ដែលគ្រប់គ្រងការផលិតកុំព្យូទ័រយួរដៃចំនួនប្រមាណ១ភាគ៣នៃការផលិតទូទាំងពិភពលោក។
លើសពីនេះ ទីក្រុង Chongqing ជាមូលដ្ឋានសំខាន់សម្រាប់ការផលិតរថយន្តអគ្គិសនី និងគ្របដណ្តប់ចំនួន១ភាគ៤នៃការនាំចេញរថយន្តសរុបរបស់ប្រទេសចិន។
ក្រុមអ្នកសង្កេតការណ៍មួយចំនួនជឿជាក់ថា ទីក្រុងឆុងឈីងមិនត្រឹមតែមានសារៈសំខាន់ផ្នែកភស្តុភាប៉ុណ្ណោះទេ។ ប៉ុន្តែ ទីក្រុងនេះក៏មានសារៈសំខាន់ខាងភូមិសាស្ត្រនយោបាយផងដែរ។
សង្គ្រាមពាណិជ្ជកម្មរវាងចិនជាមួយសហរដ្ឋអាមេរិកក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញពីគ្រោះថ្នាក់នៃការពឹងផ្អែកលើផ្លូវសមុទ្រអន្តរជាតិ ដែលស្ថិតក្រោមឥទ្ធិពលអាមេរិក ដូចជាព្រែកជីកស៊ុយអេ ច្រកសមុទ្រ Hormuz និងច្រកសមុទ្រម៉ាឡាកា៕ប្រភព: EuroNews៕