ក្រសួងចំនួន២និងដៃគូអភិវឌ្ឍរៀបចំវេទិកាសេដ្ឋកិច្ចកម្ពុជាលើភាពស្អាតបៃតង និងចីរភាព

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមក្នុង “វេទិកាសេដ្ឋកិច្ចចក្រាកម្ពុជា” ក្រោមប្រធានបទ “ផែនទីបង្ហាញផ្លូវ ដើម្បីឆ្ពោះទៅរក ភាពស្អាត បៃតង និងចីរភាព” ។

វេទិកានេះ សហការរៀបចំឡើងដោយក្រសួងបរិស្ថាន និងទីភ្នាក់ងារអាល្លឺម៉ង់ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ(GIZ)។

វេទិកានេះ មានការអញ្ជើញចូលរួមពី លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកបណ្ឌិត កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក Christof Weigelmeier ភារធារី នៃស្ថានទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា និងលោក Matthias Giegerich នាយកប្រចាំអាស៊ី ប៉ាស៊ីហ្វិក អាមេរិកឡាទីន និងការាបៀន នៃទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) ព្រមទាំងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងតំណាងមកពីវិស័យឯកជនជាច្រើនរូប។

ថ្លែងទៅកាន់អង្គវេទិកា លោកជំទាវរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ជាច្រើនសតវត្សមកហើយ សេដ្ឋកិច្ចពិភពលោកបានដំណើរការលើគំរូផ្តេក (Linear Model) “យើងយក យើងបង្កើត និង យើងបោះចោល”ដែលប្រព័ន្ធ “យក-បង្កើត-កាកសំណល់”(Take-Make-Waste System) នេះបានជំរុញកំណើនសេដ្ឋកិច្ច ដែលមិនធ្លាប់មានពីមុនមក ប៉ុន្តែវាបានមកដោយសារការលះបង់នូវតម្លៃ បរិស្ថានដ៏ខ្ពស់ដូចគ្នា រួមទាំងការថយចុះធនធាន ការកើនឡើងនូវសំណល់ និងការបង្កើនល្បឿននៃការប្រែប្រួលអាកាសធាតុ។

លោកជំទាវបន្តថា“គំរូនេះនឹងមិនមាននិរន្តរភាពទេ ដូច្នេះទាំងអស់​គ្នាត្រូវតែរួមគ្នា ដើម្បីគិតគូរនិងរៀបចំឡើងវិញនូវវិធីសាស្រ្ត ដែលក្នុងការដំណើរការសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យមាននិរន្តរភាពជាងមុន”។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរនូវយន្តការចម្បងៗមួយចំនួន ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ និងអនុវត្ត ដើម្បីធានាបាននូវអនុលោមភាព តាមបទប្បញ្ញត្តិបរិស្ថាន និងបៃតង រួមទាំងសេដ្ឋកិច្ចបៃតងថ្មីរបស់អាស៊ាន និងស្តង់ដាបៃតង/បរិស្ថានរបស់សហភាពអឺរ៉ុប និងវិធានដើមកំណើតទំនិញ នៅទូទាំងខ្សែច្រវាក់ផ្គត់ផ្គង់រួមមាន

  • ទី១ ការលើកទឹកចិត្តឱ្យមានការអនុវត្តផលិតកម្ម ប្រ​កបដោយចីរភាព នៅក្នុងវិស័យធុរកិច្ចកម្ពុជា ដែលរួមបញ្ចូលទាំងការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថាន និងការរួមបញ្ចូលនៃក្របខ័ណ្ឌបរិស្ថាន សង្គម និងអភិបាលកិច្ច(ESG)។
  • ទី២ ការប្រើប្រាស់គោលការណ៍សេដ្ឋកិច្ចចក្រា ដូចជា ការកាត់បន្ថយកាកសំណល់ ការកែច្នៃឡើងវិញ និងប្រសិទ្ធភាពធនធាន ដោយការអនុវត្តផលិតកម្ម ប្រកបដោយចីរភាពទាំងនេះ គួរតែរួមបញ្ចូលវិស័យផលិតកម្ម សេវាកម្ម និងវិស័យកសិកម្ម។
  • ទី៣ ការលើកកម្ពស់ការប្រើប្រាស់វត្ថុធាតុដើម ពីប្រភពប្រកបដោយចីរភាព និងមានការទទួលខុសត្រូវ ដែលការណ៍នេះ ចាំបាច់តម្រូវឱ្យមានក្របខ័ណ្ឌជាក់លាក់សម្រាប់ប្រភពដើមបៃតង ទាំងក្នុង backward និងforward linkages នៃខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មសកល។
  • ទី៤ ការស្វែងយល់ពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការលើកកម្ពស់ការប្រើប្រាស់ ការផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិក (EDI) និងឧបករណ៍ឌីជីថលផ្សេងទៀត ដើម្បីជួយសម្រួលពាណិជ្ជកម្ម និងបង្កើនតម្លាភាពក្នុងខ្សែច្រវាក់ផ្គត់ផ្គង់។

លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនៃសហគ្រិនភាព និងការវិនិយោគបៃតងប្រកបដោយចីរភាព និងទាញយកប្រយោជន៍ពីយុទ្ធសាស្ត្រ គោលនយោបាយ ការលើកទឹកចិត្ត និងយន្តការគាំទ្ររបស់រដ្ឋាភិបាល ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយនិរន្តរភាព។

ក្នុងនោះ ក្រសួងពាណិជ្ជកម្ម ត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយដៃគូទាំងអស់ ដើម្បីអភិវឌ្ឍប្រទេសកម្ពុជា មិនត្រឹមតែមានវិស័យសេដ្ឋកិច្ចដែលរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែរីកចម្រើនដោយភាពស្អាត បៃតង និងចីរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here