ដោយៈ ម៉ាណា
ភ្នំពេញៈ លោក Jacques GUICHANDUT តំណាងក្រុមហ៊ុនALL DREAMS CAMBODIA បានលើកឡើងពីគំនិតផ្ដួចផ្ដើមពាក់ព័ន្ធនឹងការអប់រំ និងវប្បធម៌ចំនួន២នៅកម្ពុជា។
កម្មវិធីនោះរួមមាន ទី១ ការប្រកួតប្រជែងពានរង្វាន់ ចម្រៀងអន្តរជាតិជាពួកលើកទី២ “Royal Choral Award” នៅរាជធានីភ្នំពេញ អំឡុងខែឧសភា ឆ្នាំ២០២៧ ទី២ កម្មវិធីបណ្ដុះបណ្ដាលអ្នកដឹកនាំក្រុមចម្រៀងជាពួក។
-->
គំនិតផ្តួចផ្តើមនេះ មានគោលបំណង ក្នុងការជំរុញឱ្យមានការចូលរួមពីសំណាក់គ្រូបង្វឹក និងក្រុមចម្រៀងកម្ពុជា នៅក្នុងការប្រកួតប្រជែងថ្នាក់ជាតិ ដែលនឹងប្រព្រឹត្តទៅក្នុងអំឡុងពេល នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ នៅប្រទេសកម្ពុជា និងនៅក្នុងការប្រកួតប្រជែងពានរង្វាន់អន្តរជាតិក្នុងឆ្នាំ២០២៧។

ព័ត៌មាននេះត្រូវបានលើកឡើងក្នុងពេលលោក ត្រូវបានអនុញ្ញាត្តឲ្យជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោកហង់ជួន ណារ៉ុន។
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោកហង់ជួន ណារ៉ុន បានថ្លែងអំណរគុណដល់ក្រុមហ៊ុនALL DREAMS CAMBODIA សម្រាប់គំនិតផ្ដួចផ្ដើមខាងលើ និងបានលើកទឹកចិត្តឱ្យមានការរៀបចំការបណ្ដុះបណ្ដាលគ្រូបង្រៀន ជាមួយអ្នកស្ម័គ្រចិត្ត ឬគ្រូបង្វឹក និងការហ្វឹកហាត់ការច្រៀងចម្រៀងជាពួក នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងគ្រឹះស្ថានសិក្សាឯកជន ព្រមទាំងលើកទឹកចិត្តឱ្យមានការរៀបចំកម្មវិធីពាក់ព័ន្ធនានា នៅតាមគ្រឹះស្ថានសិក្សាផងដែរ៕
