ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ បានប្រគល់បណ្ណកម្មសិទ្ធិលើកទី២ ជូនអតិថិជនបុរី ម៉ន ដានី គម្រោងទី២៩ ចំនួន១៤៥បណ្ណបន្ថែមទៀត ដែលសរុបទាំងពីរលើក ក្រសួងបានប្រគល់បណ្ណជូនចំនួន១២៤២បណ្ណរួចហើយ។
ពិធីនេះមានការចូលរួមពីលោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
-->
ការដោះស្រាយបញ្ហាលក់ ទិញក្នុងគម្រោងនេះ ក្រសួងត្រូវចំណាយពេលច្រើន ក្នុងការកែសម្រួល និងផ្ទៀងផ្ទាត់ក្បាលដី និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងបុរីទាំងអស់ឡើងវិញ ព្រោះម្ចាស់បុរីបានរៀបចំប្លង់មេ ដោយមិនគោរពតាមលក្ខខណ្ឌនគរូបនីយកម្ម ហើយបានចុះកិច្ចសន្យាលក់ឡូត៍ជូនអតិថិជន ដោយមិនបានផ្ទៀងផ្ទាត់ជាមួយផែនទីក្បាលដីដែលខ្លួនបានរៀបចំ បណ្តាលឱ្យអតិថិជនទិញឡូត៍ជាន់គ្នា ទំហំឡូត៍ ក្នុងកិច្ចសន្យាខុសពីទំហំឡូត៍លើទីតាំងដីជាក់ស្តែង និងឡូត៍ដែលបានលក់ជូនអតិថិជនខ្លះទៀត មិនមានក្នុងប្លង់មេរបស់បុរីថែមទៀតផង។
ជាងនេះទៅទៀត ក្រសួងសូមអំពាវនាវដល់អតិថិជន ដែលនៅខ្វះឯកសារ សូមអញ្ជើញយកទៅប្រគល់ជូនមន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ រៀងរាល់ម៉ោងធ្វើការ ឱ្យបានរួសរាន់ផងដែរ៕
