អបអរសាទរ!រាជធានីភ្នំពេញទទួលបានពានរង្វាន់ទីក្រុងធានាកំណើនសេដ្ឋកិច្ចដោយចីរភាព និងបរិយាប័ន្ន

0

ដោយៈ និស្ស័យ

ភ្នំពេញៈ អបអរសាទរ! រាជធានីភ្នំពេញទទួលបានពានរង្វាន់ “ទីក្រុងធានាកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន”ពីវេទិកា ដែលរៀបចំនៅទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី។

លោកហួត ហៃអភិបាលរងនៃគណអភិបាលរាជធានីភ្នំពេញ បានអញ្ជើញទទួលពានរង្វាន់ Decent Work and Economic Growth ពីវេទិកា BRICS Urban Future Forum ដែលរៀបចំនៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្សុីថ្ងៃទី១៧-១៨ ខែកញ្ញា ឆ្នាំ២០២៥។

Decent Work and Economic Growth មានន័យថា  “ជាទីក្រុងធានាកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន មានមុខរបរពេញលេញ និងផលិតភាពខ្ពស់ និងមានការងារសមរម្យសម្រា​ប់ប្រជាជនគ្រប់រូប” ដែលមានកំណត់នៅក្នុងគោលដៅអភិវឌ្ឍ ប្រកប​ដោយចីរភាពចំណុចទី៨ របស់អង្គការសហប្រជាជាតិ។ នេះបើយោងតាមបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់​លោក​ ហួត ហៃ អភិបាលរងរាជធានីភ្នំពេញនាថ្ងៃទី១៨កញ្ញា២០២៥។

លោក​ហួត ហៃ អភិបាលរងរាជធានីភ្នំពេញតំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានដឹកនាំ ប្រតិភូសាលារាជធានីភ្នំពេ​ញទៅចូលរួមក្នុងវេទិកា BRICS Urban Future Forum ដែលរៀបចំនៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្សុីថ្ងៃទី១៧-១៨ ខែកញ្ញា ឆ្នាំ២០២៥។

នៅក្នុងកម្មវិធីដែលមានទីក្រុងនានា ជាច្រើនចូលរួមមកពីប្រទេសប្រេសុីល រុស្សី ឥណ្ឌា ចិន និង អាហ្រិ្វកខាងត្បូង ព្រមទាំងទីក្រុងជាច្រើនទៀតនៅលើពិភពលោក ក៏ត្រូវបានអញ្ជើញចូលរួមផងដែរ។

មានទីក្រុងចំនួន៩ ដែលទទួលបានពានរង្វាន់ផ្សេងៗពីគ្នា ក្នុងនោះ រាជធានីភ្នំពេញ ទទួលបានពានរង្វាន់ Decent Work and Economic Growth ។

នៅផ្នែកនេះ មានទីក្រុងចំនួន៣ត្រូវបានជ្រើឹសរើសជាជម្រើសចុងក្រោយ គឺទីក្រុងGuangzhou នៃប្រទេសចិន ទីក្រុងភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងChengdu នៃប្រទេសចិន។ ទីបំផុត ភ្នំពេញត្រូវបានប្រកាសជាអ្នកឈ្នះពានរង្វាន់ផ្នែកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here