ដោយៈ គង់ សូរិយា
ព្រះសីហនុៈ អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ អញ្ជើញធ្វើបទបង្ហាញអំពី “ផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង”។
លោកអភិបាលរងខេត្ត បានតំណាងរដ្ឋបាលខេត្តព្រះសីហនុអញ្ជើញចូលរួមជាវាគ្មិនក្នុង “វេទិកាអភិបាលក្រុងអាស៊ាន-ចិន ឆ្នាំ២០២៥” (ASEAN-China Mayors’ Forum 2025) ក្រោមមូលបទ “កសាងលំនៅឋានល្អទាំងអស់គ្នា រួមគ្នាជំរុញការអភិវឌ្ឍនគរូបនីយកម្មចិន និងអាស៊ានប្រកបដោយចីរភាព” ដែលមានប្រតិភូតំណាងប្រទេសជាសមាជិកអាស៊ាន និងអ្នកសង្កេតការណ៍អាស៊ាន រួមមានប្រ៊ុយណេ កម្ពុជា ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ វៀតណាម និងទីម័រខាងកើត និងតំណាងសហគ្រាសធំៗ ចម្រុះជាតិសាសន៍ចូលរួមសរុបសមាសភាពប្រមាណ៩៥០រូប នៅទីក្រុងគួយលីន តំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។
-->

លោកអភិបាលរង បានធ្វើបទបង្ហាញជូនអង្គវេទិកាទាំងមូល អំពី “ផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” និងបានរំលេចអំពីលក្ខណៈពិសេសសំខាន់ៗ របស់ខេត្តរាប់ចាប់ពី គុណប្រយោជន៍យុទ្ធសាស្ត្រក្នុងតំបន់ រហូតដល់គោលនយោបាយ និងយន្តការគាំទ្រនានារបស់រាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសវិស័យសក្តានុពល ដែលកំពុងមានតម្រូវការវិនិយោគដូចជា៖ ឧស្សាហកម្ម កសិ-ឧស្សាហកម្ម ដឹកជញ្ជូននិងភស្តុភាកម្មទំនើប។
វេទិកានេះត្រូវបានសហការរៀបចំឡើង ដោយសមាគមអភិបាលក្រុងចិន (China Association of Mayors) និងនាយកដ្ឋានលំនៅដ្ឋាន និងអភិវឌ្ឍន៍ទីក្រុង-ជនបទនៃតំបន់ស្វយ័តក្វាងស៊ី ក្នុងគោលបំណងដើម្បីរឹតបន្តឹងចំនងមិត្តភាពរវាងចិន នឹងអាស៊ាន ធ្វើបច្ចុប្បន្នភាពគម្រោងអភិវឌ្ឍនគរូបនីយកម្មសំខាន់ៗ របស់ប្រទេសជាសមាជិក និងចែករំលែកបទពិសោធន៍ ឧត្តមានុវត្ត ជាពិសេសបច្ចេកវិទ្យាទំនើបថ្មីៗ ដែលជាអាចបម្រើក្នុងវិស័យសំណង់ និងនគរូបនីយកម្ម៕
