រដ្ឋមន្រ្តីទេសចរណ៍ៈ បច្ចេកវិទ្យាឌីជីថល ជាកំលាំងចលករថ្មី ជម្រុញកំណើនសេដ្ឋកិច្ច

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់បានថ្លែងថា បច្ចេកវិទ្យាឌីជីថល គឺជាកម្លាំងចលករថ្មីមួយ សម្រាប់កំណើនសេដ្ឋកិច្ចសកល ហើយនឹងក្លាយជាកាតាលីករ ជំរុញឱ្យមានការផ្លាស់ប្ដូរដល់វិស័យទេសចរណ៍។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់ រួមជាមួយលោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្ដីពីទេស​ចរណ៍ឌីជីថល ក្នុងគោលបំណងផ្សព្វផ្សាយ អំពីនិរន្តរភាពនៃការអភិ​វឌ្ឍទេសចរណ៍តាមប្រព័ន្ធឌីជីថល ផ្តល់ឱកាសសម្រាប់ការពិភាក្សាផ្ទាល់រវាងអ្នកជំនាញ និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ព្រមទាំងបង្កើនការយល់ដឹងអំពីឧបករណ៍ និងបច្ចេកវិទ្យាឌីជីថល សម្រាប់គាំទ្រអាជីវកម្មទេសចរណ៍។

សិក្ខាសាលាដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងសិក្ខាកាមមកពីអាជ្ញាធរជាតិ អប្សរា គ្រឹះស្ថានអង្គរ មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត រដ្ឋបាលក្រុង/ស្រុក សមាគមទេសចរណ៍ សហគមន៍ទេសចរណ៍ វាគ្មិ​ន​កិត្តិយស ប្រតិបត្តិករទេសចរណ៍ និងសិស្សនិស្សិតប្រមាណ ៣១២នាក់។

ឆ្លៀងក្នុងឱកាសនេះ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ចរន្តសកលភាវូបនីយកម្ម និងការវិវត្តយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យាឌីជីថល ជាពិសេសការរីកចម្រើននៃបញ្ញាសប្បនិម្មិត ឬហៅកាត់ថា“AI ”​បានក្លាយជាផ្នែកមួយដ៏សំខាន់ នៅក្នុងការរស់នៅ ការសិក្សា ការប្រកបអាជីវកម្ម វិទ្យាសាស្ត្រសុខាភិបាល យោធា ការផ្ដល់សេវាសាធារណៈ ការធ្វើធុរកិច្ច និងទេសចរណ៍ជាដើម។

លោកបន្តថា បច្ចេកវិទ្យាឌីជីថល ក៏បានក្លាយជាកាលីករដ៏សំខាន់ក្នុងការជំរុញកំណើន និងពង្រឹងភាពធន់នៃចង្វាក់សេដ្ឋកិច្ច ដែ​លមិនអាចខ្វះបាន។

ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ថា សម្រាប់វិស័យឯកជន បច្ចេកវិទ្យាឌីជីថល ត្រូវបានគេប្រើប្រាស់ សម្រាប់ការចាប់យកកាលានុវត្តភាព និងឧត្ដមភាពប្រកួតប្រជែងថ្មីៗ មានជាអាទិ៍ ការលើកកម្ពស់ប្រសិទ្ធភាពការងារ ការកាត់បន្ថយថ្លៃដើមក្នុងចង្វាក់ផលិតកម្ម ការតភ្ជាប់ខ្សែច្រវ៉ាក់ផលិតកម្ម និងការធានានូវឧត្ដមភាពប្រកួតប្រជែង ក្នុងទីផ្សារ។

ទន្ទឹមនឹងនេះ លោកហួត ហាក់បានគូសរំលេចបន្ថែមថា ចំណែកនៅក្នុងវិស័យសាធារណៈ បច្ចេកវិទ្យាឌីជីថលបានជួយជំរុញចរន្តការ នៃការកែទម្រង់ ក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈ ជាពិសេសការផ្ដល់សេវាសាធារណៈ សម្រាប់ធុរកិច្ច ដោយបានកាត់បន្ថយនូវនីតិវិធីស្មុគស្មាញនិងការិយាធិបតេយ្យ បង្កើនប្រសិទ្ធភាពនៃរដ្ឋបាលសាធារណៈ ពង្រឹងអនុលោមភាព និងកែលម្អបរិយាកាសធុរកិច្ច ឱ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ សំណូមពរ និងបំណងប្រាថ្នារបស់ធុរជន និងប្រជាជនទូទាំងប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here